ព័ត៌មានទាន់ហេតុការណ៍៖

ប្រទេស​កម្ពុជា ​ដំរី​អាស៊ី​មានចំនួន​ប្រមាណ​ពី​ ៤០០ ទៅ៦០០ក្បាល

ចែករំលែក៖

ភ្នំពេញ៖ ដំរីអាស៊ីកំពុងរងការគំរាមកំហែងធ្ងន់​ធ្ងរ​នៅ​ទូ​ទាំង​ដែន​ជម្រក​របស់​វា​ក្នុង​សកល​លោក​ ហើយត្រូវបានចាត់បញ្ចូល​ជាប្រភេទ​ជិត​ផុតពូជនៅក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្ដរជាតិដើម្បី​ការអភិរក្ស​ធម្មជាតិ​(IUCN)​។ នៅក្នុង​ប្រទេស​កម្ពុជា ​ដំរី​អាស៊ី​មានចំនួន​ប្រមាណ​ពី​ ៤០០ ទៅ៦០០ក្បាល ដែល​ភាគ​ច្រើនរស់​​នៅក្នុង​តំបន់​ជួរភ្នំក្រវាញ​ តំបន់ខ្ពង់រាបខាងជើងទន្លេសាប និងតំបន់​ខ្ពង់​រាប​ភាគ​ខាង​កើតក្នុងខេត្តមណ្ឌលគីរី ដែលជាតំបន់ជីវៈចម្រុះដ៏សំបូរបែប ប្រព័ន្ធអេកូទ្បូស៊ី និងមានទីជម្រាលអំណោយផលដល់ការរស់នៅរបស់សត្វដំរី និងសត្វព្រៃផ្សេងៗទៀត ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីក្រសួងបរិស្ថាន នៅរសៀលល្ងាចថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០។
ការរិចរិល​នៃ​ទី​ជម្រក​​បាន​ធ្វើ​​ឱ្យដំរីអាស៊ី​រស់​នៅបែកខ្ញែកពី​គ្នា​ និងបង្ក​ជា​ឥទ្ធិពល​អវិជ្ជមាន​ដល់​​ស្ថេរភាព​យូរ​អង្វែង​របស់​ប្រភេទ​ដ៏​សំខាន់​នេះ​​។ ម្យ៉ាង​ទៀត គេ​ក៏​បាន​រក​ឃើញ​ថា​កូន​ដំរីព្រៃ​កំពុង​ទទួល​រង​ការគំរាមកំហែងដោយសារការដាក់អន្ទាក់ ដែលសកម្មភាពទាំងនេះ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការស្តារ​ប្រភេទសត្វនេះឡើងវិញដែរ​៕

ដោយ៖សិលា


ចែករំលែក៖