ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រី​សុខាភិបាល​នូ​វែ​ល​សេ​ឡង់​សុំលាលែង ក្រោយបំពាន​បញ្ជា​បិទ​ប្រទេស ខណៈឆ្លើយតប​រប​ស់​រដ្ឋាភិបាល​ប្រឆាំង​ជំងឺ COVID-19

ចែករំលែក៖

អន្តរជាតិ៖ ក្រោយ​ប្រព្រឹត្ត​កំហុស​ក្នុង​ចំណាត់ការ​ឆ្លើយតប​រប​ស់​រដ្ឋាភិបាល​ប្រឆាំង​ជំងឺ COVID-19 និង​បាន​បំពាន​បញ្ជា​បិទ​ប្រទេស​លោកDavid Clark រដ្ឋមន្ត្រី​សុខាភិបាល​នូ​វែ​ល​សេ​ឡង់ បាន​លាលែង​តំណែង​ នៅ​ថ្ងៃទី​២ខែកក្កដានេះ ។ ដោយនាយករដ្ឋមន្ត្រី​ព្រម​ទទួល​ការសុំ​ចុះ​ចេញពី​តំណែងក្រោយ​បដិសេធ​កាលពី​២​ខែ​មុន​ ដើម្បី​ទុក​ឲ្យ​ស្ថានការណ៍​COVID-19​ធូរស្រាល​សិន​។

លោក រដ្ឋមន្ត្រី​សុខាភិបាល​នូ​វែ​ល​សេ​ឡង់ និយាយក្នុង​សន្និសីទ​ព័ត៌មាន​នៅ​សភាថា ការបន្ត​កាន់​តួនាទី​ជា​រដ្ឋមន្ត្រី​សុខាភិបាល គឺជា​ការរំខាន​ដល់​វិធានការ​ឆ្លើយតប​ជារួម​របស់​រដ្ឋាភិបាល​ប្រឆាំង COVID-19 ។ កាសែតNew Zealand Herald បាន​ស្រង់​សម្តី​លោក​រដ្ឋមន្ត្រី​ដូច្នេះ​ថា​៖«​ខ្ញុំ​ព្រម​ទទួលខុសត្រូវ​ទាំងស្រុង​ចំពោះ​ការសម្រេចចិត្ត​ដែល​បានធ្វើ អំឡុង​អាណត្តិ​ជា​រដ្ឋមន្ត្រី​សុខាភិបាល​»​។ លោក​បន្តថា នាយករដ្ឋមន្ត្រីអ្នកស្រី Jacinda Ardern បាន​ព្រម​ទទួល​ការលាលែង​តំណែង​លោក​។

​ទាក់ទិន​បញ្ហា​នេះ អ្នកស្រី​នាយករដ្ឋមន្ត្រី Ardern លើកឡើងថា មនុស្ស​ឆ្លង​ជំងឺ COVID-19 ពុំគួរ​អនុញ្ញាត​ឲ្យ​ចាក​ចេញពី​មណ្ឌល​ច​ត្តា​ឡី​ស័ក​ឡើយ​។អ្នកស្រី​សង្កត់ធ្ងន់ថា​៖«​នេះ គឺ​តំណាង​ឲ្យ​ភាពបរាជ័យ​ដែល​ពុំ​អាច​ទទួលបាន​ឡើយនៃ​ប្រព័ន្ធ​សុខាភិបាល​យើង​។ យើង​តម្រូវ​ឲ្យ​ធ្វើតេស្ត​យ៉ាងតិច​២​ដង​មុន​ឲ្យ​ពួកគេ​ចេញពី​មណ្ឌល​នោះ​»​។​

នាយករដ្ឋមន្ត្រី Arden បានបញ្ជាក់​បន្ថែមទៀតថា ដោយដកស្រង់​ចុះផ្សាយ​ពីកាសែត New Zealand Heraldថា លោក David Clark បានសម្រេច​ចុងក្រោយ​ថា វត្តមាន​លោក​ក្នុងតួនាទី​ជា​រដ្ឋមន្ត្រី​សុខាភិបាល កំពុង​បង្កើត​ការបង្អាក់​ដល់​វិធានការ​ឆ្លើយតប​របស់​រដ្ឋាភិបាល​ប្រឆាំង COVID-19 និង​កំណែទម្រង់​សុខាភិបាល​ធំ​ទូលាយ​ទៀត​ ។

​សូមជម្រាបថា នូ​វែ​ល​សេ​ឡង់ បានសម្រេច​ដកហូត​ប​ញ្ជា​បិទ​ប្រទេស​ទាំងអស់​កាលពី​ថ្ងៃទី​៨ ខែមិថុនា ក្រោយ​អ្នកជំងឺ​ម្នាក់​ចុងក្រោយ​របស់ខ្លួន​បានជា​សះស្បើយ​ហើយ​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​។ ក៏ប៉ុន្តែ​២៤​ថ្ងៃ​គ្មាន​រាយការណ៍​ករណី​ឆ្លង COVID-19 ថ្មី ត្រូវបាន​បញ្ចប់​កាលពី​ថ្ងៃទី​១៦ខែមិថុនា នៅពេល​ស្ត្រី​២​នាក់​ដែល​ទើប​មកពី​ចក្រភព​អង់គ្លេស ត្រូវបាន​អនុញ្ញាត​ឲ្យ​ចាក​ចេញពី​មណ្ឌល​ច​ត្តា​ឡី​ស័ក​លឿន​ដោយ​គ្មាន​ការធ្វើ​តេស្ត​រកCOVID-19 ហើយ​ក្រោយមក​ពួកគេ​ត្រូវ​រកឃើញថា មាន​ផ្ទុក​វីរុស​។

គួរ​បញ្ជាក់ថា លោករដ្ឋមន្ត្រី​សុខាភិបាល​នូ​វែ​ល​សេ​ឡង់ ត្រូវ​ទម្លាក់​ឋានន្តរសក្តិ​លោក​ក្នុង​គណៈរដ្ឋមន្ត្រី និង​ដកហូត​លោក​ចេញពី​តួនាទី​មួយទៀត កាលពី​ខែមេសា ក្រោយ​បានធ្វើ​ដំណើរ​ចម្ងាយ​២០​គីឡូម៉ែត្រ​ជាមួយ​គ្រួសារ​លោក​ទៅ​កម្សាន្ត​នៅ​ឆ្នេរសមុទ្រ​ក្នុង​សប្តាហ៍​ទី​១ នៃ​ការអនុវត្ត​បញ្ជា​បិទ​ប្រទេស​។កាលនោះ នាយករដ្ឋមន្ត្រី​នូ​វែ​លេស​ឡង់ ពុំទាន់​សម្រេច​ដកហូត​លោក​ចេញ​តួនាទី​ឡើយ ដោយ​អះអាងថានៅពេល​ស្ថានការណ៍ COVID-19 វិល​មក​សភាព​ធម្មតា​ឡើងវិញ អ្នកស្រី​នឹង​ដកហូត​តំណែង​លោក​រដ្ឋមន្ត្រី Clark  ចោល​។

​សូមជម្រាបថា អ្នកស្រីនាយករដ្ឋមន្ត្រី Ardern កាលពី​ខែមេសា កន្លងទៅបាននិយាយ​ដូច្នេះ​ថា​៖«​អ្វីដែល​គាត់​បាន​ប្រព្រឹត្ត​គឺជា​រឿង​ខុសឆ្គងហើយ​វា​គ្មាន​ការលើកលែង​នោះឡើយ​។ ក៏ប៉ុន្តែ ស្ថានភាព​បច្ចុប្បន្ន អាទិភាព​ចម្បង​ខ្ញុំ​គឺ​រួម​ដៃ​ប្រយុទ្ធប្រឆាំង COVID-19​។ ដូច្នេះហើយយើង​ពុំ​អាច​ទ្រាំទ្រ​ការបង្អាក់​យ៉ាង​ធំធេង​មួយ​ក្នុង​វិស័យ​សុខាភិបាល ឬ​ក្នុងការ​ឆ្លើយតប​យើង​ឡើយ​។ សម្រាប់​ហេតុផល​តែមួយគត់​នេះលោក​វេជ្ជបណ្ឌិត Clark នឹង​បន្ត​កាន់​តួនាទី​លោក​ដដែល​»៕ដោយ៖ស តារា


ចែករំលែក៖