ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានស្នើឱ្យមន្រ្តីដែលមានភារកិច្ចពិនិត្យ និងវាយតម្លៃក្នុងការធ្វើអត្តសញ្ញាណកម្ម ផ្តល់បណ្ណសមធម៌ជូនគ្រួសារក្រីក្រទូទាំងរាជធានីភ្នំពេញត្រូវតែអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវតួនាទីភារកិច្ចដោយប្រកាន់យកតម្លាភាព សុក្រិឹតភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានដោយមិនគិតពីនិន្នាការនយោបាយនោះឡើយ គឺប្រជាពលរដ្ឋក្រីក្រពិតប្រាកដក្នុងមូលដ្ឋាន ត្រូវតែទទួលបានការឧបត្ថម្ភយ៉ាងពិតប្រាកដពីរាជរដ្ឋាភិបាល។
ការលើកឡើងរបស់លោកអភិបាល រាជធានីភ្នំពេញបែបនេះនៅក្នុងកិច្ចប្រជុំ ស្ដីពីការត្រួតពិនិត្យការងារធ្វើអត្តសញ្ញាណកម្មគ្រួសារក្រីក្រ តាមការស្នើសុំ(OD IDpoor) ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ- ១៩ កាលពីរសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ នៅសាលារាជធានីភ្នំពេញ។
លោកបញ្ជាក់ថា ការធ្វើបណ្ណសមធម៌ជូនប្រជាពលរដ្ឋក្រីក្រត្រូវតែច្បាស់លាស់ចំទិសដៅដូចប្រសាសន៍ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោដែលបានមានប្រសាសន៍កាលពីពេលថ្មីៗនេះ ក្នុងគោលដៅជួយសម្រួលការលំបាករបស់បងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ក្នុងដំណាក់កាលវិបត្តិកូវីដ-១៩ គឺមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ដាច់បាយដោយអាជ្ញាធរមិនបានដឹងនោះទេ។
លោក ឃួង ស្រេង បានបន្ថែមថា មន្រ្តីពាក់ព័ន្ធទាំងអស់ ជាពិសេសអាជ្ញាធរខណ្ឌទាំង១៤ និងសង្កាត់ទាំង១០៥ ក្នុងរាជធានីភ្នំពេញ រាល់ការចូលរួមពិនិត្យវាយតម្លៃ នូវលិខិតស្នើសុំបណ្ណសមធម៌របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានត្រូវតែច្បាស់ថា ពលរដ្ឋនោះក្រីក្រពិតប្រាកដ កុំឱ្យមានលេចចេញនូវបាតុភាពណាមួយកើតឡើងដោយកិច្ចការបំភាន់ បក្សពួក បងប្អូន គ្រួសារ មនោសញ្ចេតនាមន្រ្តីក្រោមឱវាទរបស់ខ្លួន ដែលមិនស្ថិតនៅក្នុងបន្ទាត់ក្រីក្រី ផ្ទុយពីគោលការណ៍របស់រាជរដ្ឋាភិបាល ធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍ប្រជាពលរដ្ឋក្រីក្រដែលត្រូវទទួលបានការឧបត្ថម្ភ។
លោកបញ្ជាក់ថា បើចង់ជួយដល់មន្រ្តី ឬក៏ការមានមនោសញ្ចេតនាអាណិតអាសូរ ត្រូវតែប្រើប្រាស់យន្តការដោះស្រាយក្នុងកម្រិតរដ្ឋបាលខណ្ឌដោយផ្ទាល់ ប៉ុន្តែបើខណ្ឌគ្មានលទ្ធភាពដោះស្រាយ ត្រូវបន្តបញ្ជូនមកថ្នាក់រាជធានី ដើម្បីចាត់វិធានការជួយសម្រួលឱ្យបានសមស្របនិងតាមលទ្ធភាព។
ទាក់ទិននឹងលទ្ធផលនៃដំណើរការកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងការអនុញ្ញាតឧបត្ថម្ភសាច់ប្រាក់ជូនដល់ស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ នៅរាជធានីភ្នំពេញ។
លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជននិងយុវនិីតិសម្បទាបានឱ្យដឹងថា គិតមកដល់ពេលនេះ គឺស្ទើរតែគ្រប់ខណ្ឌ និងសង្កាត់ទាំងស្រុងទៅហើយ នៅសេសសល់មួយចំនួន ដោយសារមានករណីមរណភាព ឈ្មោះស្ទួន និងកិច្ចការបច្ចេកទេសមួយចំនួនតែប៉ុណ្ណោះ ប៉ុន្តែបញ្ហានេះ មន្រ្តីគ្រប់ភាគីពាក់ព័ន្ធ កំពុងមមាញឹកដោះស្រាយដោយតម្លាភាព ទន់ភ្លន់ និងសុក្រិឹតផងដែរ៕ដោយ៖ សំរិត