ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានគេសង្ស័យថាខ្យល់គរបានដេកស្លាប់ក្នុងបន្ទប់ជួលនៃផ្សារនាគមាស។ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ២៖៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ៣ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅក្នុងផ្សារនាគមាស សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សពជនរងគ្រោះឈ្មោះយិន ថន អាយុ៤៧ឆ្នាំ មានស្រុកកំណើតនៅភូមិព្រៃតាយ៉យ ឃុំខ្សែត្រ ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង មុខរបរកម្មករអូសរទេះដឹកអីវ៉ាន់ បច្ចុប្បន្នស្នាក់នៅក្នុងបន្ទប់ជួលក្នុងផ្សារនាគមាស។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះបានធ្វើការជាធម្មតាហើយបានប្រាប់មិត្តភក្តិថាមិនសូវស្រួលខ្លួន។ លុះពេលល្ងាចឡើងក៏បានហូបបាយជុំគ្នានិងបានផឹកស៊ីតិចតួច។ក្រោយពេលដែលផឹកស៊ីហើយក៏នាំគ្នាចូលដេករៀងៗខ្លួនរហូតមកដល់ម៉ោង ២យប់រំលងអធ្រាត្រស្រាប់តែឮសំឡេងស្រែកថ្ងូរ ភ្លាមនោះគាត់ក៏បានស្ទុះមើលស្រាប់តែឃើញជនរងគ្រោះស្លាប់បាត់ទៅហើយៗមិត្តភក្តិរបស់គាត់ក៏បានរាយការណ៍ទៅសមត្ថកិច្ចឱ្យចុះមកដល់ទីតាំងកើតហេតុ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់ រួចបានទាក់ទងទៅខាងក្រុមគ្រូពេទ្យជំនាញកោសល្យវិច័យចក្ខុរបស់ស្នងការដ្ឋានរាជធានីភ្នំពេញដើម្បីចុះមកត្រួតពិនិត្យមើល។ ក្រោយពេលធ្វើការត្រួតពិនិត្យរួចគ្រូពេទ្យជំនាញបានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារខ្យល់គរប្រាកដមែន ទើបឲ្យសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់សពជូនទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕ដោយ៖និន សុភ័ស្ត