ព័ត៌មានទាន់ហេតុការណ៍៖

អ្នកបើកបររថយន្តពាក់ស្លាកលេខរដ្ឋបុកមនុស្សកំពុងដើរឆ្លងថ្នល់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ បុរសម្នាក់បានរងរបួសស្ទើរស្លាប់ស្ទើររស់ដោយសារគ្រោះថ្នាក់ចរាចរណ៍ត្រូវរថយន្តបុកនៅគ្រាដែលគាត់កំពុងដើរឆ្លងថ្នល់ជាតិលេខ៥ ។

 ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្តបុកមនុស្សដើរឆ្លងផ្លូវខាងលើ បានកើតឡើងនៅវេលាម៉ោង៥ និង១០នាទី ល្ងាចថ្ងៃសុក្រ១៣កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៥១-១៥២ ស្ថិតនៅក្នុងភូមិកំពង់លើ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

 លោក វរសេនីយ៍ត្រី ខៀវ សុខា នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលក្បាលត្រាចបានប្រាប់ឱ្យដឹងថា ជនរងរបួសធ្ងន់ឈ្មោះ សុិន ចាន់ថូ ភេទប្រុស អាយុ ៤៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិក្រឡាញ់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ បច្ចុប្បន្នជនរងរបួសត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកក្រគរ ។

 លោកនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលក្បាលត្រាចបន្តថា ជនរងរបួស(សុិន ចាន់ថូ)បានដើរឆ្លងផ្លូវពីត្បូងទៅជើង ហើយស្របគ្នានោះក៏មានរថយន្ត១គ្រឿងម៉ាកតូយ៉ូតាតាកូមា ពណ៌ស ពាក់ស្លាកលេខ រដ្ឋ៣៦.២-១៦៨៨ បើកបរដោយឈ្មោះ មាស ពិសី ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិពោធិ៍ទី២ ឃុំគា ស្រុកមោងឫស្សី ខេត្តបាត់ដំបងមកដល់ចាប់ហ្វ្រ័ងមិនទាន់ក៏បុកជនរងគ្រោះតែម្តង។ 

 លោកបន្តទៀតថា បច្ចុប្បន្នវត្ថុតាងរថយន្ត សមត្ថកិច្ចនគរបាលជំនាញផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកក្រគរ យកទៅរក្សាទុកជាបណ្ដោះអាសន្នដើម្បីបន្តនីតិវិធី ៕ ដោយ៖ បុឹម ពិន


ចែករំលែក៖