ឧត្តរមានជ័យ៖ លោកទេសរដ្ឋមន្ត្រី គន់ គីម ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តឧត្តរមានជ័យ ព្រមទាំងមន្ត្រីរាជការ ប្រជាពុទ្ធបរិស័ទបាននាំយកទៀនព្រះវស្សា និងទេយ្យវត្ថុ ព្រមទាំងថវិកាសរុបប្រមាណ ១៣ម៉ឺនដុល្លារ និងជាង ៥លានរៀល ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តជយទឹកជុំ ហៅវត្តអន្លង់វែង និងវត្តចំនួន ១៦ផ្សេងទៀតនៅទូទាំងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
លោកទេសរដ្ឋមន្ត្រី គន់ គីម បានបញ្ជាក់ថា ការនាំយកទៀនព្រះវស្សា និងទេយ្យវត្ថុទៅប្រគេនព្រះសង្ឃសម្រាប់គង់ចាំព្រះវស្សារយៈពេល៣ខែនេះ ជាការបង្ហាញឱ្យឃើញនូវកាយវិការទ្រទ្រង់ដ៏មុតមាំចំពោះព្រះពុទ្ធសាសនាដែលជាសាសនារបស់ជាតិ។ លោកទេសរដ្ឋមន្ត្រី គន់ គីម បានប្រគេនបច្ច័យប្រមាណ ៣ពាន់ដុល្លារ សម្រាប់កសាងវត្តជយទឹកជុំផងដែរ។
លោកទេសរដ្ឋមន្ត្រីបន្តថា មួយវិញទៀតតាមជំនឿក្នុងព្រះពុទ្ធសាសនាខ្មែរ ការប្រគេទៀនព្រះវស្សា និងទេយ្យវត្ថុផ្សេងៗនេះ ក៏ជាការធ្វើនូវអំពើជាកុសល្យមួយ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ញាតិការ ក៏ដូចជាវីរយុទ្ធជន វីរយុទ្ធនារីទាំងឡាយ ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិមាតុភូមិកាលពីអតីតកាលនោះ។
ក្នុងឱកាសនេះដែរ លោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បានឆ្លៀតសំណេះសំណាលជាមួយលោកយាយ លោកតា ដោយនាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងការនឹករលឹករបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំពោះព្រះសង្ឃ និងលោកយាយ លោកតានៅទូទាំងស្រុកអន្លង់វែង។
លោកទេសរដ្ឋមន្ត្រី គន់ គីម បានរំលឹកថា រហូតដល់ឆ្នាំ១៩៩៨ ក្នុងស្រុកអន្លង់វែង មិនមានវត្តអារាម ឬការប្រណិប័តន៍ព្រះពុទ្ធសាសនាក៏ដូចជាជំនឿសាសនាដទៃនោះឡើយ។ ជារួមមកទឹកដីស្រុកអន្លង់វែង គឺជាទឹកដីដែលទទួលបានសិទ្ធិគោរពប្រណិប័តន៍ព្រះពុទ្ធសាសនាចុងក្រោយគេ បន្ទាប់ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ត្រូវបានវាយផ្តួលរំលំនៅថ្ងៃទី០៧ខែមករា ឆ្នាំ១៩៧៩។ ដោយស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ជាដែនដីជម្រកចុងក្រោយគេរបស់មេដឹកនាំ និងទាហានខ្មែរក្រហម។ ទឹកដីនេះ ក៏ជាទឹកដីចុងក្រោយគេ ដែលទាហានខ្មែរក្រហាមបានយល់ព្រមចុះចូលនឹងរាជរដ្ឋាភិបាលរបស់សម្តេចតេជោ ហ៊ុន សែន នៅចុងឆ្នាំ១៩៩៨ផងដែរ។
លោកទេសរដ្ឋមន្ត្រី បានថ្លែងទៅកាន់លោកយាយ លោកតា ដែលបានអញ្ជើញចូលរួមក្នុងពិធីនោះថា ប្រសិនបើគ្មានការដាក់ចេញ និងអនុវត្តន៍ដោយជោគជ័យនូវនយោបាយឈ្នះ–ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ទេនោះ ច្បាស់ណាស់ថាពលរដ្ឋស្រុកអន្លង់វែង មិនអាចគោរពប្រណិប័តន៍ព្រះពុទ្ធសាសនា និងជំនឿសាសនាដទៃទៀតបានឡើយ។
លោកទេសរដ្ឋមន្ត្រី បានថ្លែងដូច្នេះ «សម្តេចតេជោ ហ៊ុន សែន ជាវីរៈបុរសរបស់អ្នកស្រុកអន្លង់វែងយើង ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងប្រទេស។លោកយាយ លោកតា បងប្អូនយើងនៅស្រុកអន្លង់វែងនេះ មិនអាចធ្វើបុណ្យទានដែលជាលំអានប្រពៃណីរបស់ខ្មែរយើងបាននោះទេ បើសម្តេចតេជោមិនដាក់ចេញនយោបាយឈ្នះ–ឈ្នះ ហើយអនុវត្តន៍បានដោយជោគជ័យទេនោះ។ នេះគឺជាគុណបំណាចដ៏មហាសាលសម្រាប់អ្នកស្រុកអន្លង់វែង ដែលត្រូវចងចាំជារៀងរហូតទៅ»។
ក្នុងឱកាសនេះ លោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បានថ្លែងអំណរគុណ ដល់ប្រជាពលរដ្ឋស្រុកអន្លង់វែង ដែលតែងតែជឿទុកចិត្ត និងគាំទ្រចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា។លោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បានសុំឱ្យប្រជាពលរដ្ឋជឿទុកចិត្តចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន គឺសម្តេចនឹងដឹកនាំកម្ពុជាពុះពារជម្នះគ្រប់ឧបសគ្គទាំងអស់ ដើម្បីឆ្ពោះទៅរកវឌ្ឍនភាព និងការអភិវឌ្ឍ៕ដោយ៖ស តារា