ភ្នំពេញ ៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទ្រង់សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជសាររំលែកទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ជូនចំពោះលោក U WIN MYINT ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ចំពោះឧបទ្ទវហេតុដ៏រន្ធត់នៃការរអិលបាក់ដីក្នុងការដ្ឋានជីកយករ៉ែមួយកន្លែងនៅតំបន់ Hapakant ដែលបានបណ្តាលឲ្យបាត់បង់អាយុជីវិតប្រជាជនជាច្រើនរយនាក់។
ព្រះអង្គព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពងខ្ពស់បំផុតបានបង្ហាញព្រះអារម្មណ៍សោកសៅយ៉ាងខ្លាំងនៅពេលដឹងថាមានការរអិលបាក់ដីដ៏ធំមួយបានកើតឡើងនៅការដ្ឋានជីករ៉ែថ្មមួយកន្លែង ស្ថិតនៅតំបន់ហាផាខាន់(Hpakant) នៃរដ្ឋកាឈីន (Kachin) ភាគខាងជើងប្រទេសមីយ៉ាន់ម៉ា កាលពីវេលាម៉ោង៨និង០០នាទីព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ ។
ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សូមចូលរួមរំលែកទុក្ខនិងការអាណិតអាសូរ ហើយសូមជូនពរឱ្យអ្នករងរបួសឆាប់ជាសះស្បើយ។ ព្រះអារម្មណ៍ របស់ព្រះអង្គបង្ហាញតាមរយ:ព្រះរាជសារផ្ញេីជូនលោក U WIN MYINT ប្រធានាធិបតី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០នេះ ។
យោងតាមសារព័ត៌មាន CNA ផ្សាយនាព្រឹកថ្ងៃសៅរ៍ ទី៤ ខែកក្កដា ឆ្នាំ២០២០ថា សាកសពកម្មករអណ្តូងរ៉ែចំនួន ១៧២នាក់ ដែលក្រុមសង្រ្គោះរុករកយកចេញពីក្នុងគំនរដីបាក់ និងល្បាប់ភក់ ក្រោយជួបគ្រោះធម្មជាតិរអិលបាក់ដីនៅប្រទេសមីយ៉ាន់ម៉ាកាលពីប៉ុន្មានថ្ងៃមុននោះ ត្រូវបានអាជ្ញាធររដ្ឋកាឈីន (Kachin) ភាគខាងជើងប្រទេសបានជីករណ្តៅដ៏ធំមួយដើម្បីបញ្ចុះសាកសពកម្មករទាំងអស់នោះរួមគ្នាតែម្តង ។
CNA ផ្សាយទៀតថា អាជ្ញាធររដ្ឋកាឈីន (Kachin) បានបញ្ជាក់ថា នេះមិនមែនជាលើកទី១នោះទេសម្រាប់ប្រទេសមីយ៉ាន់ម៉ា ដែលបានកើតមានករណីបាក់អណ្តូងរ៉ែ ឬក៏ហេតុការណ៍រអិលបាក់ដី នៅតំបន់ដែលមានសកម្មភាពរុករករ៉ែ។ ទោះបីជាបែបនេះក្តី ហេតុការណ៍ក្នុងសប្តាហ៍នេះ ត្រូវបានគេចាត់ទុកថា ជាគ្រោះអាក្រក់បំផុតមិនធ្លាប់កើតមាន ៕ ដោយ៖ ជាយក្រុង