ខេត្តកំពង់ចាម៖ នាព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២០នេះ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន និងលោកស្រីរួមដំណើរដោយលោក អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធាន រដ្ឋបាលជលផល និងមន្រ្តីជំនាញ បានអញ្ជើញ មកពិនិត្យតាមដាន និងវាយតម្លៃអំពីវឌ្ឍនភាព នៃវិស័យវារីវប្បកម្មទឹកសាប ក្នុងខេត្តកំពង់ចាម។
តាមការចុះត្រួតពិនិត្យជាក់ស្តែងលោក តាំង អ៊ីមសារ៉ាវី ដែលជាម្ចាស់កសិដ្ឋានចិញ្ចឹមត្រីមួយកន្លែង នៅភូមិតាងិល ឃុំជាលា ស្រុកបាធាយខេត្តកំពង់ចាម បានរាយការណ៍ជូនលោករដ្ឋមន្រ្តី វេង សាខុន យ៉ាងក្បោះក្បាយថា ហើយលោកបានចាប់យករបរចិញ្ចឹមត្រី តាំងពីឆ្នាំ២០១៥មកទល់បច្ចុប្បន្នកសិដ្ឋាន ពង្រីកផ្ទៃដីបាន ៦ហិកតា មានស្រះចិញ្ចឹម៨ស្រះនីមួយៗមានទំហំ៨–១០,០០០ម៉ែត្រការ៉េ។
លោក តាំង អ៊ីមសារ៉ាវី ដោយអនុវត្តតាមគោលការណ៍បច្ចេកទេសចិញ្ចឹមត្រីដែលទទួលបានពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលជលផល ដូចជា៖ ការផ្តល់ចំណី ការសំអាតស្រះត្រី ការដាក់កូនត្រីការគ្រប់គ្រង ប្រើប្រាស់ និងសម្អាតទឹក –ល–។ បច្ចុប្បន្ន ជាមធ្យមអាចប្រមូលផលបានពី២៥០តោនក្នុងមួយឆ្នាំ (ប្រភេទត្រីពោ ត្រីឆ្តោ និងត្រីប្រា) ទទួលបានចំណូលសរុបជា ៣៥ម៉ឺនដុល្លារ/ឆ្នាំ (មិនទាន់ទូទាត់ថ្លៃដើម)។
ក្នុងការពិនិត្យឃើញទិដ្ឋភាព និងសកម្មភាពចិញ្ចឹមត្រីក្នុងស្រះរួចមក លោករដ្ឋមន្រ្តី វេង សាខុន បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង ប្រកាន់យករបរចិញ្ចឹមត្រី ដើម្បីចូលរួមចំណែកបំពេញសេចក្តីត្រូវការ ទីផ្សាររាជធានីភ្នំពេញ កាត់បន្ថយការនាំចូលបង្កើតការងារ បង្កើតប្រភពចំណូលឲ្យគ្រួសារ និងជាពិសេសប្រើប្រាស់ធនធានដែលមានក្នុងស្រុកឲ្យអស់លទ្ធភាព (ចំណី កន្ទក់ កូនត្រីចំណី ទិញកូនត្រី)។ លោករដ្ឋមន្ត្រី បានបញ្ជាក់ថា នេះជាខ្សែច្រវាក់ផលិតកម្ម ដែលផ្តល់ប្រយោជន៍ឲ្យគ្នាទៅវិញទៅមក មិនអាចខ្វះបាន(ក្រុមហ៊ុនផលិតចំណីត្រី ទិញវត្ថុធាតុដើមពីកសិករ ផលិតចំណីលក់ឲ្យអ្នកចិញ្ចឹមត្រី អ្នកចិញ្ចឹមត្រីទិញកូនត្រី ពីអ្នកភ្ញាស់កូនត្រី ចាប់ត្រីលក់ឲ្យក្រុមហ៊ុន និងអតិថិជនទូទៅវិញ)។
លោករដ្ឋមន្ត្រី បានមានប្រសាសន៍ទៀតថា លក្ខណប្រទាក់សកម្មបែបនេះ វានឹងជួយទ្រទ្រង់នូវផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច និងសង្គមឲ្យគ្នាទៅវិញទៅមក មិនអាចខ្វះបានឡើង ហើយនេះគឺជាគោលនយោបាយ របស់រាជរដ្ឋាភិបាល ដែលចងឃើញវិស័យវារីវប្បកម្មកម្ពុជា មានការរីកចម្រើន នាពេលអនាគត ស្របពេលដែលធនធានមច្ឆាជាតិ ក្នុងប្រភពធម្មជាតិត្រូវបានធ្លាប់ចុះ ដោយសារការប្រែប្រួលអាកាសធាតុ និងការកើនឡើងនៃចំនួនអ្នកបរិភោគក្នុងស្រុក។
បច្ចុប្បន្នតម្រូវការទីផ្សារ និងតម្លៃមានការធ្លាក់ចុះបន្តិចក្តី លោករដ្ឋមន្ត្រី វេងសាខុន បានលើកទឹកចិត្តឲ្យពួកគាត់បន្តរក្សាមុខរបរនេះ រង់ចាំស្ថានភាពល្អប្រសើរឡើងវិញ ពីព្រោះនេះគឺជាអាជីពយ៉ាងរឹងមាំ និងជាប្រភពចំណូលក្នុងគ្រួសារប្រកបដោយចីរភាព ហើយពួកគាត់មានបទពិសោធន៍ និងចុះទុនវិនិយោគជាច្រើន ដូច្នេះត្រូវអត់ធ្មត់ តស៊ូរង់ចាំឱកាសល្អ នឹងវិលត្រឡប់មកវិញឆាប់ៗខាងមុខ។
ឆ្លៀតឱកាសនេះ លោករដ្ឋមន្រ្តី បានណែនាំឱ្យរដ្ឋបាលជលផល និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ជួយទំនាក់ទំនងរកឈ្មួញនៅទីក្រុងភ្នំពេញ និងទីផ្សារក្រៅពីខេត្តកំពង់ចាម ដើម្បីជួយរំដោះផលត្រីដែលមានក្នុងស្តុក។ ហើយនៅក្នុងស្ថានភាពល្អប្រសើរ គួរជួយរៀបចំផែនការផលិតកម្មនិងអនុវត្តបច្ចេកទេសបានត្រឹមត្រូវ ដើម្បីធានានិរន្តរភាពនៃការផ្គត់ផ្គង់ និងឈានទៅធ្វើផលិតកម្មកសិកម្ម តាមកិច្ចសន្យា ឈានទៅធ្វើការចិញ្ចឹមកម្រិតកសិ–ឧស្សាហកម្មសម្រាប់នាំចេញ។ ចំពោះអតិថិជនអាចទាក់ទងទិញត្រីពីកសិដ្ឋានបាន តាមរយៈលេខ ០១២ ៣៥៦៤៥១។
បន្ទាប់ពីចាកចេញពីកសិដ្ឋានចិញ្ចឹមត្រី ក្នុងស្រុកបាធាយរួចមក លោករដ្ឋមន្ត្រី វេង សាខុន និងសហការី បានបន្តដំណើរមកពិនិត្យកសិដ្ឋានចិញ្ចឹមកន្ធាយរបស់លោក ហេង ម៉ាទីណេ នៅភូមិស្វាយមាស ឃុំវិហារសួគ៍ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ដោយលោក ម៉ារីណេបានរាយការណ៍ជូនថាអាជីពចិញ្ចឹមកន្ធាយតាំងពីឆ្នាំ២០០៣ បច្ចុប្បន្នក្នុងកសិដ្ឋាន មានកន្ធាយ៥០,០០០ក្បាល ដោយមិនរាប់បញ្ចូល ជាមួយដៃគូចិញ្ចឹមនៅខេត្តស្ទឹងត្រែងនិងខេត្តតាកែវ និងកសិករក្នុងតំបន់នេះ។
ជាមធ្យមកន្ធាយចិញ្ចឹមរយៈពេល១ឆ្នាំ មានទម្ងង់១គីឡូក្រាមមានតម្លៃ១០ដុល្លារ គាត់ និងក្រុមផលិតអាចផ្គត់ផ្គង់ទីផ្សារបាន៥តោនក្នុងមួយថ្ងៃត្រូវការកូន ១០លានក្បាល ហើយបើ១ក្បាល/១០ដុល្លារ នោះយើងអាចរកចំណូលបាន ១០០លានដុល្លារ/ឆ្នាំ។ ក្នុងឆ្នាំ២០២០ កន្ធាយមានតម្លៃផ្លាក់ចុះមកនៅត្រឹម ៧–៨ដុល្លារ ក្នុងមួយគីឡូក្រាម ដោយសារមានការនាំចូលពីវៀតណាម ធ្វើឲ្យប៉ះពាល់ដល់ផលិតកម្មក្នុងស្រុក ត្រង់ចំណុចនេះ លោក ម៉ារីណេ សំណូមពរឲ្យរាជរដ្ឋាភិបាលជួយទប់ស្កាត់ ឬកាត់បន្ថយបរិមាណនាំចូលកន្ធាយ ដើម្បីអ្នកចិញ្ចឹមក្នុងស្រុកបង្កើនសមត្ថភាពចិញ្ចឹម ឆ្លើយតបតាមតម្រូវការទីផ្សារ និងជួយឧបត្ថម្ភទុនវិនិយោគបន្ថែម ដែលទីផ្សារសត្វកន្ធាយកំពុងពេញនិយម ជាពិសេសអតិថិជនជនជាតិចិន។
បច្ចុប្បន្ន គាត់ផលិតកូនសម្រាប់លក់ជូនទីផ្សារ ដែលអាចទាក់ទងទិញកូនតាមរយៈលេខ ០១៧/០៩៧ ៩១ ៨១ ៩១ (លោក ហេង ម៉ារីណេ)។ពិនិត្យឃើញទិដ្ឋភាពជាក់ស្តែង នូវហេដ្ឋារចនាសម្ព័ន្ធកសិដ្ឋាន ផលិតកម្មចិញ្ចឹមកន្ធាយប្រកប ដោយបច្ចេកវិទ្យាសាមញ្ញតាមបែបធម្មជាតិភាតរបរិស្ថានកំពុងដំណើរការ ទៅដោយរលូន និងទទួលជោគជ័យជាបណ្តើរយ៉ាងដូច្នេះលោករដ្ឋមន្រ្តី វេង សាខុន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលរួម វិនិយោគលើវិស័យវារីវប្បកម្ម ដែលជាអនុវិស័យដ៏សំខាន់មួយដែលរដ្ឋបាលជលផល បាននិងកំពុងជំរុញនិងលើកទឹកចិត្តឲ្យវិស័យឯកជនចូល រួមជាចលករ ដើម្បីអភិវឌ្ឍវិស័យនេះ បង្កើនបរិមាណ ផ្គត់ផ្គង់ ធានាបានទាំងបរិមាណ និងគុណភាពឆ្លើយតបតាមសេចក្តីត្រូវការទីផ្សារ និងជាពិសេសចូលរួមកាត់បន្ថយការនាំចូលកន្ធាយពីប្រទេសជិតខាង។
ជាងនេះនៅទៀត គឺចាប់យកកាលានុវត្តភាព ក្នុងកាលៈទេសៈដែលយើងកំពុងជួបវិបត្តិជំងឺឆ្លងសកលកូវីដ–១៩ ស្របតាមប្រសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។
ចុងក្រោយលោក វេង សាខុន បានគូសបញ្ជាក់ថា ការចូលរួមពីវិស័យឯកជនក្នុងការវិនិយោគ លើវិស័យកសិកម្មជារួម និងដោយឡែកវិស័យវារី វប្បកម្មនេះ ពិតជាបានចូលរួមចំណែកបង្កើតការងារ ជូនប្រជាពលរដ្ឋនៅមូលដ្ឋានបង្កើនចំណូលក្នុងគ្រួសារ និងកាត់បន្ថយភាពក្រីក្រ ជាពិសេសចូលរួមអនុវត្តគោនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ស្របតាមអភិក្រម «រដ្ឋឯកជន ដៃគូអភិវឌ្ឍ និងសហគមន៍កសិកម្ម»។ មិនតែប៉ុណ្ណោះ លោក វេងសាខុន ក៏បានសម្តែងនូវការគាំទ្រចំពោះឆន្ទៈ ពង្រីកផ្ទៃដីចិញ្ចឹមកន្ធាយនាពេលអនាគត ដែលវានឹងចូលរួមចំណែក បង្កើនផលិតផលកន្ធាយ សម្រាប់ទីផ្សារក្នុងស្រុក និងទិសដៅនាំចេញនាពេលអនាគត៕ដោយ៖ស តារា