ខេត្តបាត់ដំបង៖ ទំនិញជាសាច់មាន់ខូចគុណភាពចំនួន ៧០៨គីឡូក្រាម ត្រូវបានអាជ្ញាធរខេត្តបាត់ដំបងធ្វើពិធីដុតបំផ្លាញចោល ក្រោយពីមន្ត្រីជំនាញចុះចាប់យកបានពីឈ្មួញទុច្ចរិតលួចនាំចូលពីទឹកដីប្រទេសថៃ។
លោក ឧត្តមសេនីយ៍ត្រី ចេង ឡេង ស្នងការរងទទួលផែនការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានឱ្យដឹងថា ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ និងគិតគូរពីសុខភាពប្រជាពលរដ្ឋ របស់លោកងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត ក៏ដូចជាការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត នៅថ្ងៃទី៤ ខែ កក្កដា ឆ្នាំ២០២០នេះ កម្លាំងនគរបាលបង្ក្រាបបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សហការជាមួយមន្ត្រីកាំកុងត្រូលខេត្ត បានចុះបង្រ្កាបនិងដកហូតបានសាច់មាន់ខូចគុណភាពចំនួន៧០៨គីឡូក្រាមពីក្រុមឈ្មួញដែលបានលួចនាំចូលពីប្រទេសថៃដោយខុសច្បាប់។
លោកបន្តថា ក្រោយពីបង្ក្រាបដកហូតបានវត្ថុតាងសាច់មាន់ខូចគុណភាពទាំងអស់នោះមកត្រូវបានអាជ្ញាធរធ្វើពិធីដុតកម្ទេចចោលនៅទីលានចាក់សំរាមស្ថិតនៅក្នុងភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ដំបង ក្រោមការចូលរួមពីលោកឧត្តមសេនីយ៍ត្រី ចេង ឡេង ស្នងការរង លោក គឹម រំដោះ មន្ត្រីកាំកុងត្រូលខេត្តនិងសហការី លោក ផេង សិទ្ធី អភិបាលក្រុង រួមនឹងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ទៀតបានចូលរួមផងដែរ។
ជាមួយគ្នានេះរដ្ឋបាលក្រុង លោក ផេង សិទ្ធីបានអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តាកុំពិសា
អាហារណាដែលខូចគុណភាព ព្រោះវាអាចនាំឱ្យប៉ះពាល់ដល់សុខភាពរបស់បងប្អូូន និងត្រូវរាយការណ៍បន្ទាន់ទៅកាន់អាជ្ញាធរមូលដ្ឋានដែលនៅជិតលោកអ្នក នៅពេលណាដែលប្រទះឃើញមុខទំនិញណាមួយដែលមានការសង្ស័យថាខូចគុណភាព និងហួសសុពលភាពប្រើប្រាស់៕ ដោយ៖ហេង សូរិយា