ខេត្តកែប៖ ក្មេងស្រីរងគ្រោះម្នាក់រស់ក្នុងជីវភាពគ្រួសារក្រីក្រ ស្ថិតក្នុងក្រុងកែបខេត្តកែប ត្រូវសត្វពស់មានពិសចឹករហូតពិសជ្រាបពេញខ្លួនសន្លប់ស្តូកស្តឹងនៅក្រោមដេីមឈេីដែលនាងជ្រក ហេីយបាននាំយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ រាជធានីភ្នំពេញ ។
លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តកែបប្រាប់ថា ក្មេងស្រីរងគ្រោះឈ្មោះ ចរិយា អាយុ១៦ឆ្នាំ នាងមានជីវភាពក្រីក្រ រស់នៅក្នុងក្រុងកែប ខេត្តកែប ។
លោកប្រាប់បន្តថា តាមព័ត៌មានដែលលោកទទួលបាន គឺនាងបានយកកន្ទេល ទៅក្រាលនៅក្រោមដើមឆត្រដើម្បីរង់ចាំភ្ញៀវចូលមកអង្គុយលេងនឹងបានកម្រៃខ្លះ តែខណៈនាងកំពុងអង្គុយនៅក្រោមដើមឈើមួយនោះ ស្រាប់តែត្រូវពស់ពព្លាក់មួយក្បាលហក់ពីលើដើមឆត្រមកចឹកចំស្មាខាងឆ្វេងរបស់នាងបណ្ដាលឲ្យនាងរបួសធ្ងន់សន្លប់ឈឹងហើយត្រូវបានបញ្ជូនមកកាន់មន្ទីរពេទ្យព្រះកេតុមាលាដើម្បីជួយសង្គ្រោះ ។ លោកបានប្រាប់បន្តថា មកទល់នឹងពេលនេះក្រុមគ្រូពេទ្យក៏មិនទាន់វាយតម្លៃថាយ៉ាងណានោះទេ ព្រោះកំពុងធ្វើការតាមដានជំងឺនៅឡើយ។
លោកបញ្ជាក់ប្រាប់ទៀតថា ករណីនេះបានកើតឡើងកាលពីអំឡុងម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ នៅក្នុងក្រុងកែប ខេត្តកែប ខណៈដំណឹង ក្មេងស្រីរងគ្រោះត្រូវពស់ពិសចឹកបាន ចែកចាយលេីបណ្តាញទំនាក់ទំនងហ្វេសប៊ុក ។
មកដល់ល្ងាចថ្ងៃខែដដែលនេះ ក្មេងស្រី រងគ្រោះមិនទាន់មានការបញ្ជាក់អះអាង ថាបានធូរស្រាលពីសំណាក់គ្រូពេទ្យយ៉ាងណានោះទេ ខណៈដែលជនរងគ្រោះត្រូវបានពស់មានពិសចឹកនៅស្មាខាងឆ្វេងនៅជិតនឹងបេះដូងតែម្ដង ។
ដោយក្តីអាណិតអាសូរក្នុងនាមខ្មែរដូចគ្នា លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តកែបបានជួយឧបត្ថម្ភថវិកាចំនួន២០០.០០០រៀលដើម្បីជួយសម្រួលដល់ក្រុមគ្រួសារក្មេងស្រីរងគ្រោះដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរាជធានីភ្នំពេញ ។ លោកក៏សូមជូនពរប្អូនឆាប់ជាសះស្បើយឡើងវិញ ៕ ដោយ ៖ ជាយក្រុង