ព័ត៌មានទាន់ហេតុការណ៍៖

ស្ថានទូតកម្ពុជាប្រចាំរដ្ឋគូវ៉ែត ប្រកាសថា៖ រដ្ឋាភិបាលគូវ៉ែត នឹងបើកដំណើរការជើងហោះហើរពាណិជ្ជកម្មឡើងវិញ ចាប់ពីថ្ងៃទី០១ ខែសីហាខាងមុខនេះ

ចែករំលែក៖

ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៍មានរបស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំរដ្ឋគូវ៉ែត បានបញ្ជាក់ថា រដ្ឋាភិបាលគូវ៉ែត នឹងបើកដំណើរការជើងហោះហើរពាណិជ្ជកម្មឡើងវិញ ចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ខាងមុខនេះ ។

ជាមួយគ្នាដែរ រដ្ឋាភិបាលគូវ៉ែតក៏បានប្រកាសជូនដំណឹងដល់អ្នកដំណើរទាំងអស់ (ទាំងពលរដ្ឋ គូវ៉ែត និងបរទេស) ត្រូវគោរពឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល និងលក្ខខណ្ឌ មួយចំនួនសម្រាប់អ្នកដែលចង់ធ្វើដំណើរចូល និងចេញពីប្រទេសគូវ៉ែត ដូចខាងក្រោម៖

I- សម្រាប់អ្នកដំណើរចូលប្រទេសគូវ៉ែតតម្រូវឱ្យមាន៖ ១៖ ត្រូវមានវិញ្ញាបនបត្របញ្ជាក់សុខភាព ដែលបញ្ជាក់ថាគ្មានមេរោគកូរ៉ូណា (កូវីដ-១៩)។ ២៖ ត្រូវចុះហត្ថលេខាលើកិច្ចសន្យា ដោយគោរពឱ្យបានម៉ត់ចត់ និង អនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល ដែលតម្រូវឱ្យនៅកន្លែងដែលបានរៀបចំទុក ឬនៅផ្ទះដាច់ ដោយឡែក។ ៣៖ តម្រូវឱ្យមានការត្រួតពិនិត្យបញ្ជាក់សុខភាព ដោយមិនបានព្រាងទុក ១០ភាគរយ នៃចំនួនអ្នកដំណើរសរុបដែលមកដល់រដ្ឋគូវ៉ែត សម្រាប់ជើងហោះហើរនីមួយៗ។ ៤៖ អ្នកដំណើរទាំងអស់ត្រូវពាក់ម៉ាស់ ស្រោមដៃ និងវាស់កំដៅ មុនពេលឡើងយន្តហោះ និង ពេលមកដល់។

II- សម្រាប់អ្នកដំណើរចេញពីប្រទេសគូវ៉ែតតម្រូវឱ្យមាន៖ ១៖ អ្នកដំណើរចេញពីរដ្ឋគូវ៉ែត គួរទទួលបានវិញ្ញាបនបត្របញ្ជាក់សុខភាពថា គ្មានមេរោគកូវ ណា (កូវីដ-១៩) ដោយយោងតាមតម្រូវការរបស់ប្រទេសនីមួយៗដែលទទួលអ្នកដំណើរ។ ២៖ ការផ្តល់វិញ្ញាបនបត្របញ្ជាក់សុខភាពសម្រាប់អ្នកដំណើរ គឺជាការទទួលខុសត្រូវរបស់ ក្រុមហ៊ុនសេវាកម្ម នៅព្រលានយន្តហោះ។ ៣៖ ត្រូវប្រកាន់ខ្ជាប់នូវតម្រូវការរក្សាសុខភាព ដោយត្រូវពាក់ម៉ាស់ ស្រោមដៃ និងរក្សាគម្លាតពី គ្នា។

ដោយឡែកចំពោះវិញ្ញាបនបត្របញ្ជាក់សុខភាព (PCR) គឺតម្រូវឱ្យបង់លុយ៕ដោយ៖ស តារា


ចែករំលែក៖