ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ ជនរងរបួសដោយសារអ្នកបើកបររថយន្តពាក់ស្លាកលេខរដ្ឋបុកបានស្លាប់នៅក្នុងមន្ទីរពេទ្យ

ចែករំលែក៖

   ខេត្តពោធិ៍សាត់៖ ទីបំផុតជនរងរបួសស្ទើរស្លាប់ស្ទើររស់ឈ្មោះ សុិន ចាន់ថូ ភេទប្រុស អាយុ ៤៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិក្រឡាញ់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានស្លាប់បាត់បង់ជីវិតនៅមន្ទីរពេទ្យបង្អែកស្រុកក្រគរ នៅវេលាម៉ោងប្រមាណជាង១០ព្រឹក ថ្ងៃសៅរ៍ ១៤កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២០ នេះហើយ បន្ទាប់ជួបគ្រោះថ្នាក់ចរាចរណ៍រថយន្តបុក នៅគ្រាដែលគាត់កំពុងដើរឆ្លងថ្នល់ជាតិលេខ៥ នេះបើតាមការបញ្ជាក់ពីលោក វរៈសេនីយ៍ត្រី ខៀវ សុខា នាយប៉ុស្ដិ៍នគរបាលក្បាលត្រាច ។

 គួររំលឹកថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្តបុកមនុស្សដើរឆ្លងផ្លូវបណ្ដាលឲ្យរងរបួសធ្ងន់ និងបានស្លាប់បាត់បង់ជីវិតថ្ងៃបន្ទាប់ នៅមន្ទីរពេទ្យខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៥ និង១០នាទី ល្ងាចថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៥១-១៥២ ស្ថិតនៅក្នុងភូមិកំពង់លើ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

  ខណៈជនរងរបួស(សុិន ចាន់ថូ)ដើរឆ្លងផ្លូវពីត្បូងទៅជើង ហើយស្របគ្នានោះក៏មានរថយន្ត១គ្រឿងម៉ាកតូយ៉ូតាតាកូមា ពណ៌ស ពាក់ស្លាកលេខ រដ្ឋ៣៦.២-១៦៨៨ បើកបរដោយឈ្មោះ មាស ពិសី ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិពោធិ៍ទី២ ឃុំគា ស្រុកមោងឫស្សី ខេត្តបាត់ដំបង មកដល់ចាប់ហ្វ្រ័ងមិនទាន់ក៏បុកជនរងគ្រោះតែម្តង។ បច្ចុប្បន្នវត្ថុតាងរថយន្ត សមត្ថកិច្ចនគរបាលជំនាញផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកក្រគរ យកទៅរក្សាទុកជាបណ្ដោះអាសន្នដើម្បីបន្តនីតិវិធី ៕ ដោយ៖ បុឹម ពិន


ចែករំលែក៖