ព័ត៌មានទាន់ហេតុការណ៍៖

ទៀតហើយ…ក្រុមហ៊ុនហ្វេសប៊ុក បានចែករំលែកព័ត៌មានអ្នកប្រើប្រាស់ទៅឱ្យក្រុមហ៊ុនបង្កើតកម្មវិធីជាច្រើនដោយពុំមានការអនុញ្ញាត

ចែករំលែក៖

ភ្នំពេញ៖ ក្រុមហ៊ុនហ្វេសប៊ុកត្រូវបានគេរកឃើញកំហុសថ្មីមួយទៀតហើយ ទាក់ទិននឹងការច្រឡំអនុញ្ញាតឱ្យអ្នកអភិវឌ្ឍន៍កម្មវិធីជាង ៥,០០០នាក់ ចូលប្រើគណនីរបស់អ្នកប្រើប្រាស់តាមរយៈចន្លោះប្រហោងនៃកម្មវិធីនេះ។ ការលេចធ្លាយនេះបានបង្ហាញថាក្រុមហ៊ុនហ្វេសប៊ុកមិនបានគោរពតាមច្បាប់របស់ខ្លួនក្នុងការទាញយកទិន្នន័យផ្ទាល់ខ្លួន ដែលហាមឃាត់អ្នកអភិវឌ្ឍន៍កម្មវិធីពីការទាញយកទិន្នន័យរបស់អ្នកប្រើប្រាស់បានដោយស្វ័យប្រវត្តិ នៅពេលដែលពួកគេឈប់ចូលប្រើកម្មវិធីនោះក្នុងរយៈពេល៩០ថ្ងៃ ចុងក្រោយ។ ក្រោយពីពេលវេលាកំណត់បានមកដល់ អ្នកអភិវឌ្ឍន៍កម្មវិធីត្រូវសុំការអនុញ្ញាតពីក្រុមហ៊ុនហ្វេសប៊ុកដើម្បីទាញយកទិន្នន័យពីអ្នកប្រើប្រាស់ ប៉ុន្តែពួកគេនៅតែធ្វើដោយមិនបានគោរពតាមគោលការណ៍របស់ក្រុមហ៊ុនឡើយ។

លោក Konstantinos Papamiltiadis អនុប្រធានដៃគូអ្នកបង្កើតកម្មវិធីរបស់ហ្វេសប៊ុកបានឱ្យដឹងថា ពួកគាត់បានរកឃើញពីការទាញយកទិន្នន័យដែលអ្នកអភិវឌ្ឍន៍កម្មវិធីនៅតែអាចបន្តធ្វើបាន បើទោះបីជាអ្នកប្រើប្រាស់មិនបានប្រើកម្មវិធីរយៈពេល ៩០ថ្ងៃហើយក៏ដោយ។ ជាឧទាហរណ៍ ប្រសិនបើមានអ្នកប្រើប្រាស់ម្នាក់បានធ្វើការអញ្ចើញមិត្តភក្តិរបស់គាត់ឱ្យចូលរួមហាត់ប្រាណនៅលើកម្មវិធីហ្វេសប៊ុក ហើយពួកគាត់ទាំងអស់នឹងទទួលបានការអញ្ចើញ ទោះបីជាមានអ្នកខ្លះមិនបានប្រើប្រាស់កម្មវិធីនោះជាច្រើនខែមកហើយ។ លោក Papamiltiadis ក៏បានបន្ថែមទៀតថា ហ្វេសប៊ុកបានធ្វើការកែប្រែកំហុសឆ្គងនោះភ្លាមៗផងដែរ នៅពេលដែលពួកគាត់រកឃើញ ប៉ុន្តែមិនបានបញ្ជាក់ថាតើអ្នកប្រើប្រាស់ប៉ុន្មានអ្នកដែលបានទទួលរងផលប៉ះពាល់នោះទេ៕

ដោយ៖ សិលា


ចែករំលែក៖