ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តមសេនីយ៍ទោ ស ថេង ដឹកនាំពិធី ខួបលើកទី១១៤ ទិវានារីអន្តរជាតិ ៨ មីនា ឆ្នាំ២០២៥ក្រោមប្រធានបទ សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្រ្តីក្មេងស្រីគ្រប់រូប

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ សូមជម្រាបថា  ថ្ងៃទី ៨ ខែមីនា ឆ្នាំ២០២៥ ជាថ្ងៃដ៏សំខាន់មួយក្នុងប្រវត្តិសាស្ត្រសិទ្ធិនារី ពីព្រោះវាគឺជាទិវាដែលបង្ហាញពីសិទ្ធិ សមភាព និងភាពអង់អាចរបស់ស្រ្តីទូទាំងពិភពលោក។ ក្នុងឆ្នាំនេះ ការអបអរសាទរខួបលើកទី១១៤ ត្រូវបានប្រារព្ធឡើងក្រោមប្រធានបទ “សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្រ្តីក្មេងស្រីគ្រប់រូប” ដែលជាការរីកចម្រើននៃការលើកកម្ពស់សិទ្ធិស្រ្តី និងការលុបបំបាត់ការរើសអើងផ្លូវភេទនៅក្នុងសង្គម។ ជាមួយនឹងឱកាសពិសេសនេះ នៅថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ បានដឹកនាំការអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិខួបទី១១៤ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត។ 

ពិធីនេះមានការអញ្ជើញចូល លោក លោកស្រីស្នងការគណៈស្នងការ ព្រមទាំងស្វាមីភរិយា និងកម្លាំងនគរបាលជានារី។

លោកឧត្តមសេនីយ៍ទោ ស្នងការមានប្រសាសន៍ លើកសរសើរនិងលើកទឹកចិត្តដល់បងប្អូនមន្ត្រីនគរបាលជាស្រ្តី ដែលមានតួនាទីដ៏សំខាន់ក្នុងការពារសន្តិសុខសង្គម និងការលើកស្ទួយតម្លៃស្រ្តីនៅក្នុងកងកម្លាំងនគរបាលជាតិ ឲ្យកម្លាំងចូលរួមគោរពវិន័យនគរបាល និងនៅឲ្យឆ្ងាយពីបទល្មើសគ្រប់ប្រភេទ ។ លោកស្នងការបានលើកឡើងថា កងកម្លាំងនគរបាលគួរតែចូលរួមអនុវត្តតាមបទដ្ឋានវិជ្ជាជីវៈ ដើម្បីការពារសេចក្ដីថ្លៃថ្នូរនៃអាជីពនគរបាល និងបំពេញភារកិច្ចជាមួយភាពស្មោះត្រង មិនត្រូវធ្វើអ្វីដែលបំពានលើបទបញ្ជា ឬធ្វើឲ្យអង្គភាពបាត់បង់កិត្តិយស ។ ក្នុងនោះដែរ លោកស្នងការបានបន្ថែមថា នគរបាលគ្រប់រូប នៅឲ្យឆ្ងាយពីបទល្មើសគ្រប់ប្រភេទ ដូចជា ការប្រើប្រាស់ឬជួញដូរ គ្រឿងញៀន ការពាក់ព័ន្ធជាមួយអំពើពុករលួយ និងការជួញដូរមនុស្ស។

លោកបានអំពាវនាវឲ្យមន្ត្រីនគរបាលគ្រល់រូប បម្រើការងារជំនាញដោយយកចិត្តទុកដាក់ ដល់សុវត្ថិភាពសាធារណៈ កុំឲ្យមានការរំលោភបំពានច្បាប់ ឬប្រើអំណាចដោយខុសច្បាប់ លោកក៏បានអំពាវនាវឲ្យបងប្អូនបន្តចូលរួមជាមួយអាជ្ញាធរតាមជំនាញក្នុងការរក្សាសណ្តាប់ធ្នាប់ និងការអប់រំកូនចៅឲ្យមានវិន័យល្អក្នុងបរិបទនៃការអបអរសាទរទិវានេះ ។ 

លោកស្នងការបានប្រគល់បាច់ផ្កា និងវត្ថុអនុស្សាវរីយ៍ ជូនភរិយាលោកស្នងការរង លោកស្រីស្នងការរង និងកម្លាំងនគរបាលស្រី ដើម្បីជាការលើកទឹកចិត្ត និងកោតសរសើរនារីក្នុងវិស័យសន្តិសុខសង្គម នឹងសមភាពយេនឌ័រឱ្យកាន់តែមានប្រសិទ្ធភាព ៕

ដោយ ៖ សិលា


ចែករំលែក៖