ទីក្រុងវ៉ាស៉ីនតោន៖ បើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters បាននិយាយថា កាលពីថ្ងៃសៅរ៍ ទី១៥ ខែមីនា បុគ្គលិកសរុបជាង១៣០០នាក់ នៃបណ្តាញព័ត៌មានរដ្ឋអាមេរិក Voice of America ឬ VOA ត្រូវបានដាក់ឱ្យឈប់សម្រាកពីការងារ ហើយការផ្តល់មូលនិធិសម្រាប់បណ្តាញព័ត៌មាន២ផ្សេងទៀត គឺវិទ្យុអាស៉ីសេរីនិងវិទ្យុអឺរ៉ុបសេរី ត្រូវបានលុបចោល បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចេញបញ្ជាប្រតិបត្តិសំដៅបង្រួមទីភ្នាក់ងារសហព័ន្ធ ដែលមានតួនាទីគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ដែលទទួលមូលនិធិពីរដ្ឋាភិបាលអាមេរិក។
នាយក VOA លោក Michael Abramowitz បាននិយាយថា រូបលោក ហើយនិងបុគ្គលិកទាំងជាង១៣០០នាក់ ត្រូវបានដាក់ឱ្យឈប់សម្រាក។ ទីភ្នាក់ងារមេរបស់ VOA គឺទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសកល ហៅកាត់ USAGM ក៏បានលុបចោលការផ្តល់មូលនិធិ សម្រាប់វិទ្យុអឺរ៉ុបសេរី (Radio Free Europe/Radio Liberty) ហើយនិង វិទ្យុអាស៉ីសេរី (Radio Free Asia) ថែមទៀតផង។
គួរបញ្ជាក់ថា លោក ត្រាំ កាលពីថ្ងៃសុក្រសប្តាហ៍នេះ បានចុះហត្ថលេខាលើបញ្ជាប្រតិបត្តិមួយ បង្គាប់ឱ្យ USAGM និងទីភ្នាក់ងារសហព័ន្ធ៦ផ្សេងទៀត កាត់បន្ថយទំហំប្រតិបត្តិការរបស់ពួកគេ មកត្រឹមកម្រិតអប្បបរមា ដែលកំណត់ដោយច្បាប់។ ក្រៅពីប្រព័ន្ធផ្សព្វផ្សាយ កន្លងមក រដ្ឋបាលលោក ត្រាំ ក៏បានរុះរើទីភ្នាក់ងារផ្តល់ជំនួយបរទេស USAID និងក្រសួងអប់រំអាមេរិក ផងដែរ៕


ដោយ៖ តារា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច