ខេត្តព្រះសីហនុ៖ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ៣និង១៥រសៀល លើដងផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៧៣-១៧៤ ស្ថិតក្នុងភូមិត្រពាំងគារ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង បង្កដោយម៉ូតូ ០១គ្រឿង ម៉ាក HONDA DREAM ពណ៌ខ្មៅ ដែលមានទិសដៅពីរាជធានីភ្នំពេញ ឆ្ពោះទៅ ខេត្តព្រះសីហនុ បើកបរដោយឈ្មោះ រិន រុង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ និងអ្នករួមដំណើរចំនួន ០១នាក់ ឈ្មោះ សុត ផាត ភេទប្រុស អាយុ ១៧ ឆ្នាំ អ្នកទាំង០២នាក់មានទីលំនៅភូមិត្រពាំងគារ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (មិនពាក់មួកសុវត្ថិភាព)។
លុះមកដល់ចំណុចខាងលើ ស្ថានភាពអាកាសធាតុកំពុងមានភ្លៀងធ្លាក់ និងស្ថានភាពផ្លូវកោង ម៉ូតូបានរេចង្កូតទៅខាងឆ្វេងដៃរបស់ខ្លួន ខណៈពេលនោះមានរថយន្ដ ០១គ្រឿងម៉ាក NISSAN DIESEL ពណ៌ត្រេអ៉ី ដែលមានទិសដៅផ្ទុយគ្នា និងអ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានបុករថយន្ដចំពីចំហៀងខាងឆ្វេងពេញទំហឹងតែម្ដង ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបណ្ដាលឱ្យមានស្លាប់មនុស្សចំនួន ១នាក់ និងរងរបួសធ្ងន់មនុស្សចំនួន ០១នាក់រួមមាន,១.ឈ្មោះ រិន រុង អ្នកបើកបរម៉ូតូ (ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ)និង២.ឈ្មោះ សុត ផាត អ្នករួមដំណើរម៉ូតូ (រងរបួសធ្ងន់) កំពុងសង្គ្រោះបន្ទាន់នៅគ្លីនិចឯកជន លី គឹមឌី ឃុំវាលរេញ ។
បច្ចុប្បន្នសាកសព បានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាង(រថយន្ដនិងម៉ូតូ) បានយកមករក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ។ ដោយឡែកអ្នកបើកបររថយន្ដម៉ាក NISSAN DIESEL បានចុះពីរថយន្ដរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ មុនពេលសម្ថកិច្ចទៅដល់៕
ដោយ៖ សូរិយា