ខេត្តព្រៃវែង៖ បន្ទាប់ពី លោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បង្ហាញនូវទស្សនៈប្រតិកម្ម បទចំរៀង ដែលមានចំណងជើងថា ‘អ្នកព្រៃវែងអាក្រក់ត្រង់ណា’ និពន្ធដោយ លោក ឈន សុីណា និងច្រៀងដោយលោក សយ រតនា ឈានដល់លោកគិតថា «តេីអ្នកព្រៃវែងខុសអី? »..? ហើយលើកឡើងថា៖ ក្នុងនាមយុវជនម្នាក់ ខ្ញុំពិតជាមានការសោកស្ដាយ និងហួសចិត្តពេលបានឃេីញនិងស្ដាប់អត្ថន័យបទចម្រៀងនេះ។ មិនខុសពីការរិះគន់របស់បងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រេីនទៀត ខ្លឹមសារនេះមានចរិតរេីសអេីង បំបែកបំបាក់ជាតិសាសន៍ បន្ទាបតម្លៃអ្នកព្រៃវែង បន្តុះបង្អាប់កិត្តិយស ប្រមាថសេចក្ដីថ្លៃថ្នូរក្នុងនាមប្រជាពលរដ្ឋ ដែលមានសិទ្ធិពេញលេញនិងសេចក្ដីថ្លៃថ្នូរដ៏បរិបូរណ៍នាសម័យបច្ចុប្បន្ន។
ចុងក្រោយនៅព្រលប់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២០ លោក ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង ក៏សំដែងនូវការមិនពេញចិត្តស្រដៀងគ្នា និងលោក ស សុខា តាមរយៈFacebook page ផ្លូវការ លោកបានបញ្ចេញជាមតិថា៖ ខ្ញុំបាទជាអភិបាលនៃគណៈអភិបាលខេត្តព្រៃវែង ហើយក៏ជាកូនអ្នកព្រៃវែងម្នាក់ផងដែរ ខ្ញុំសូមសំដែងការមិនពេញចិត្ត និងហួសចិត្តលើខ្លឹមសារការផលិតវីឌីអូឃ្លីបចំរៀងមួយរបស់ផលិតកម្មមរតក មេឌៀ (Morodok Media) ដែលមានចំណងជើងថា ‘អ្នកព្រៃវែងអាក្រក់ត្រង់ណា’ និពន្ធដោយ លោក ឈន សុីណា និងច្រៀងដោយលោក សយ រតនា។
លោក ជា សុមេធី បានបន្តថា៖ អត្ថន័យបទចម្រៀងនេះ បានបង្ហាញខ្លឹមសារអវិជ្ជមានជាខ្លាំង ដោយញុះញង់ រើសអើង បន្តុះបង្អាប់កិត្តិយស និងសេចក្តីថ្លៃថ្នូរប្រជាពលរដ្ឋខេត្តព្រៃវែងជារួម ដោយមិនបានពិចារណាអោយបានគ្រប់ជ្រុងជ្រោយ ដែលធ្វើអោយប៉ះពាល់សតិអារម្មណ៍ និងសង្គមទាំងមូលជាសាធារណៈតាមបណ្តាញសង្គមផ្សេងៗ។ លោកថា៖ ខ្លឹមសារបទចម្រៀងនេះ បានពន្លិចពីការបំបែកបំបាក់ជាតិសាសន៍ បន្ទាបតម្លៃ បន្តុះបង្អាប់កិត្តិយស និងប្រមាថសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋក្នុងខេត្តមួយ ដោយមិនមានការស្រាវជ្រាវ អំណះអំណាងច្បាស់លាស់ និយាយជារួមគឺបរិហារកេរិ៍្ត និងញុះញង់អោយមានការរើសអើងប្រជាជាតិកម្ពុជាមួយនេះ។
លោក ជា សុមេធី បន្តថា៖ សាជាថ្មីម្តងទៀត ខ្ញុំសូមស្នើសុំលោកស្រី រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងក្រសួងពាក់ព័ន្ធជួយរកយុត្តិធម៌តាមផ្លូវច្បាប់ដល់ប្រជាពលរដ្ឋខេត្តព្រៃវែងយើងខ្ញុំផង៕
ដោយ៖សុខ ខេមរា