ភ្នំពេញ ៖ បុរសជាកម្មករសំណង់ជនជាតិចិនម្នាក់បានស្លាប់ពេលបញ្ជូនទៅសង្គ្រោះដល់មន្ទីរពេទ្យ បន្ទាប់ពីជនរងគ្រោះជិះកន្ត្រកយោងនៅការដ្ឋានសំណង់អគារខុនដូរមួយកន្លែងដែលមានកំពស់យ៉ាងខ្ពស់ ហើយក៏បានដាច់ខ្សែរ៉តពីជាន់ទី៣ធ្លាក់មកដល់ដី។
ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង៧ព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចការដ្ឋានអគារខុនដូរមួយកន្លែង មានទីតាំងដីឡូតិ៍លេខ២២៤ (ក្បែរប៉ុស្តិ៍នគរបាលបឹងរាំង) ផ្លូវលេខ១៨០ ក្រុម៣៣ ភូមិ៨ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលបានឱ្យដឹងថា បុរសរងគ្រោះមានឈ្មោះ Tian Yunhai អាយុ៥៧ឆ្នាំ ជាជនជាតិចិន មុខរបរជាកម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋានសំណង់អគារខុនដូរកើតហេតុ។
តាមប្រភពដដែលបានបន្តថា មុនពេលកើតហេតុ បុរសរងគ្រោះបានឡើងជិះលើកន្ត្រកយោងធ្វើការនៅពីចំហៀងនៃការដ្ឋានសំណង់អគារនៅជាន់ទី៣សុខៗ ស្រាប់តែដាច់ខ្សែរ៉តធ្លាក់មកដល់ដី បណ្តាលអោយជនរងគ្រោះរងរបួសត្រង់ក្បាលយ៉ាងធ្ងន់ធ្ងរតែម្តង។
តាមប្រភពដដែលបានបន្តទៀតថា បន្ទាប់ពីកើតហេតុភ្លាមៗ ខាងការដ្ឋានបានដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់ដែរ ប៉ុន្តែជាអកុសលពេលទៅដល់មន្ទីរពេទ្យ ត្រូវបានក្រុមគ្រូពេទ្យប្រាប់ថា ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ទើបអ្នកបកប្រែភាសាចិនខាងការដ្ឋានទូរស័ព្ទរាយការណ៍ប្រាប់ឱ្យដឹងពីរឿងនេះដល់សមត្ថកិច្ច។
តាមប្រភពដដែលបានបន្តថា ក្រោយពីទទួលបាននូវសេចក្តីរាយការណ៍នោះភ្លាម កម្លាំងមានសមត្ថកិច្ចមូលដ្ឋានសហការជាមួយកម្លាំងបបច្ចេកទេសវិទ្យាសាស្ត្រ ការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ ការិយាល័យស៊ើបអង្កេតនិង អនុវត្តនីតិវិធីក្រុង និងបង្កើតគណៈកម្មាធិការចម្រុះចុះមកត្រួតពិនិត្យកន្លែងកើតហេតុ និងកោសលវិច័យលើសពរបស់ជនរងគ្រោះផងដែរ។
ក្រោយពីកម្លាំងនៃគណៈកម្មាធិការចម្រុះចុះទៅត្រួតពិនិត្យក្នុងការដ្ឋានសំណង់នៃអគារខុនដូរដែលជាកន្លែងកើតហេតុរួចមក បានរកឃើញថា ពិតជាមានករណីដាច់ខ្សែរ៉តកន្ត្រកយោងពិតប្រាកដមែនបណ្តាលអោយបុរសជាកម្មករសំណង់ម្នាក់រងរបួសផ្នែកក្បាលយ៉ាងធ្ងន់ធ្ងរ ទើបស្លាប់នៅពេលក្រោយ។
បន្ទាប់ពីកើតហេតុ សពត្រូវបានសមត្ថកិច្ចបញ្ជូនបន្តយកទៅតម្កល់ទុកនៅវត្តស្ទឹងមានជ័យ ដើម្បីរង់ចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯប្រទេសកំណើតវិញ ៕ ជ្រោពេជ្រ