ព័ត៌មានទាន់ហេតុការណ៍៖

ស្ពានស្ទឹងស្តៅក្នុងស្រុកសង្គមថ្មីត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការក្រោយពីសាងសង់ឡើងវិញបន្ទាប់ពីស្ពាននេះត្រូវភ្លើងព្រៃឆេះអស់

ចែករំលែក៖

ខេត្តព្រះវិហារ៖ ស្ពានស្ទឹងស្តៅស្ថិតនៅក្នុងភូមិសុច ឃុំស្តៅ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ឆ្លងទៅភូមិត្រពាំងធ្លក ទៅកាន់តំបន់អភិរក្សព្រៃឈើ សត្វព្រៃតំបន់ភ្នំត្នោត ភ្នំពក ត្រូវបានប្រារព្ធពិធីសម្ពោធដាក់ឲ្យប្រជាពលរដ្ឋប្រើប្រាស់ជាផ្លូវការហើយ នៅវេលាព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២០នេះ ក្រោមអធិបតីភាពលោកទេសរដ្ឋមន្ត្រី មាស សុភា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រះវិហារ។អញ្ជើញចូលរួមក្នុងពិធីនេះដែរមានលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ និងលោកឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំខេត្ត ក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រះវិហារ ក្រុមការងារខេត្តចុះជួយស្រុកសង្គមថ្មី និងមន្ត្រីរាជការជាច្រើនរូបទៀត។

លោកទេសរដ្ឋមន្ត្រី មាស សុភា បានថ្លែងថា ស្ពានស្ទឹងស្តៅដែលសម្ពោធដាក់ឲ្យប្រើប្រាស់នៅថ្ងៃនេះ គឺកើតឡើងតាមការស្នើសុំរបស់បងប្អូនប្រជាពលរដ្ឋក្នុងឃុំស្តៅ។ តាមរយៈអង្គវេទិកាសាធារណៈរបស់ក្រុមការងាររាជរដ្ឋាភិបាល ដោយសារស្ពាននេះមានសភាពចាស់ទ្រុឌទ្រោមមិនអាចឆ្លងកាត់បាន

ហើយក៏ត្រូវឆេះដោយសារភ្លើងព្រៃគឺមិនមានអ្នកណាលួចដុតដូចការផ្សព្វផ្សាយក្នុងបណ្តាញសង្គមមួយចំនួននោះឡើយ។

លោកទេសរដ្ឋមន្ត្រីបានថ្លែងបន្តទៀតថា បន្ទាប់ពីការស្នើសុំរបស់ប្រជាពលរដ្ឋមក ក្នុងនាមរូបលោកជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រះវិហារ លោកបានពិភាក្សាជាមួយអាជ្ញាធរខេត្ត និងប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត ក៏ដូចជាក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្ត ពិនិត្យលទ្ធភាពដោះស្រាយតាមសំណូមពររបស់ប្រជាពលរដ្ឋ។

ផ្អែកតាមតម្រូវការចាំបាច់ ដោយមានការឯកភាពពីលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជួយដែកស្ពានបេឡេ និងលោករដ្ឋមន្ត្រី សាយ សំអាល់ ជួយឈើផងនោះ លោកបានឲ្យក្រុមការងារមន្ទីរសាធារណការខេត្តជាអ្នកទទួលការសាងសង់ ហើយការសាងសង់ស្ពាននេះ គឺមិនបានប្រើប្រាស់ថវិការបស់រដ្ឋ ឬក៏ជំនួយបរទេសនោះទេ។

លោកទេសរដ្ឋមន្ត្រីបានថ្លែងបញ្ជាក់ទៀតថា ត្រឹមតែរយៈពេល៣ខែ ស្ពានស្ទឹងស្តៅនេះ បានសាងសង់រួចរាល់ជាស្ថាពរឲ្យបងប្អូនប្រជាពលរដ្ឋបានឆ្លងកាត់ ដែលករណីនេះលោកបានថ្លែងអំណរគុណដល់អាជ្ញាធរខេត្ត មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ក៏ដូចជាអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានព្រមទាំងប្រជាពលរដ្ឋ ដែលបានផ្តល់នូវកិច្ចសហការយ៉ាងជិត

ស្និទ្ធជួយឲ្យដំណើរការសាងសង់ស្ពានស្ទឹងស្តៅបានរួចរាល់មុនរដូវវស្សា។

ទន្ទឹមនឹងនោះដែរ លោកទេសរដ្ឋមន្ត្រី មាស សុភា បានថ្លែងជម្រាបជូនដំណឹងដ៏រីករាយដល់ប្រជាពលរដ្ឋស្រុកសង្គមថ្មីថា តាមការជូនដំណឹងរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត គម្រោងអភិវឌ្ឍន៍ផ្លូវក្រាលក្រួសក្រហមទៅជាផ្លូវកៅស៊ូ២ជាន់ចាប់ពីមុខសាលាស្រុកសង្គមថ្មីទៅដល់ទីប្រជុំជនភូមិតាសែងកណ្តាល មានប្រវែង ២៤គីឡូម៉ែត្រ នឹងគ្រោងសាងសង់នៅឆ្នាំ២០២១ ជាមួយនិឹងផ្លូវក្រាលក្រួសក្រហមប្រវែង៣៨គីឡូម៉ែត្រមួយខ្សែទៀតចាប់ពីខាងលិចសាលាស្រុកគូលែន មកដល់ឃុំស្តៅ ស្រុកសង្គមថ្មី និងគម្រោងសាងសង់ស្ថានីយទឹកស្អាត កម្រិតសហគមន៍១កន្លែងទៀត ចំណុះ១ម៉ឺនលីត្រ នៅភូមិត្បែង ឃុំចម្រើន ដែលគម្រោងនេះនឹងចាប់ផ្តើមអនុវត្តនៅឆ្នាំ២០២១ផងដែរ។

ដោយឡែក លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារបានថ្លែងឲ្យដឹងថា ស្ពានស្ទឹងស្តៅមានទទឹង ៤.២ម៉ែត្រ និងបណ្តោយប្រវែង ៤៨ម៉ែត្រ អនុវត្តសាងសង់ដោយមន្ទីរសាធារណការខេត្ត។ ស្ពាននេះសាងសង់ពីដែកបេឡេក្រាលឈើ ដែលមានការឧបត្ថម្ភដែកបេឡេពីលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងឈើឧបត្ថម្ភដោយលោករដ្ឋមន្ត្រី សាយ សំអាល់ ចំណែកដែកសសរស្ពានឧបត្ថម្ភដោយលោកទេសរដ្ឋមន្ត្រី មាស សុភា និងលោក ប្រាក់ សុវណ្ណ ក្នុងនោះដែរលោកទេសរដ្ឋមន្ត្រី មាស សុភា បានឧបត្ថម្ភថវិកា ៥០លានរៀលបន្ថែមទៀត។

សូមជម្រាបថា ក្រៅពីការសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានស្ទឹងស្តៅ លោកទេសរដ្ឋមន្ត្រី មាស សុភា និងក្រុមការងារ ក៏បានសម្ពោធដាក់ឲ្យប្រើប្រាស់ទីស្នាក់ការគណបក្សប្រជាជនឃុំរណសិរ្យ ដែលសាងសង់អស់ថវិកាជាង ១០០លានរៀល និងបានប្រគេនទៀនព្រះវស្សា ចំពោះព្រះសង្ឃ៨វត្តនៅក្នុងវត្តបឹង ស្រុកសង្គមថ្មីទៀតផង៕ដោយ៖មាស សុផាត


ចែករំលែក៖