លោក Hansi Flick គ្រូបង្វឹកក្រុម Bayern Munich បានសម្តែងនូវជំនឿរបស់ខ្លួនថា Robert Lewandowski ដែលរកបាន២គ្រាប់ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ German Cup អាចឈ្នះពានរង្វាន់ Ballond’Or ឆ្នាំ២០២០។ លោកនិយាយបែបនេះនៅក្នុងបទសម្ភាសន៍កាលពីថ្ងៃអាទិត្យជាមួយប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ ដែលBBC Sport ដកស្រង់ចេញផ្សាយនៅព្រឹកថ្ងៃចន្ទនេះ។
បន្ទាប់ពីបានឈ្នះពានរង្វាន់ក្របខ័ណ្ឌ Bundesliga ជាលើកទី៨ ក្រុម Bayern Munich បានឈ្នះពានរង្វាន់មួយទៀតនៅពេលដែលពួកគេបានផ្តួលក្រុម Bayer Leverkusen ៤-២ កាលពីថ្ងៃសៅរ៍ដើម្បីដណ្តើមពានរង្វាន់ DFB Cup ឬ German Cup។
លោក Flick ត្រូវបានគេស្រង់សម្តីដោយប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់ថា“Lewandowski ស៊ុតបាល់បញ្ចូលទីបានចំនួន៣៤គ្រាប់នៅក្នុងក្របខ័ណ្ឌ Bundesliga និង៥១គ្រាប់នៅក្នុងការប្រកួតទាំងអស់។ ហេតុដូច្នេះគាត់អាចក្លាយជាកីឡាករឆ្នើមបំផុតមិនត្រឹមតែនៅក្នុងលីកប៉ុណ្ណោះទេប៉ុន្តែថែមទាំងនៅលើពិភពលោកផងដែរ។ ខ្ញុំជឿជាក់ថាគាត់អាចឈ្នះពានរង្វាន់ Ballond’Or ឆ្នាំ២០២០នេះ។ ខ្ញុំសូមជូនពរឱ្យគាត់មានសំណាងល្អនៅក្នុងការធ្វើប្រជាមតិនោះ”។
គ្រូង្វឹកវ័យ៥៥ឆ្នាំរូបនេះបានកោតសរសើរដល់កីឡាកររបស់គាត់ដែលបានឈ្នះពានរង្វាន់នេះ ដោយលោកបានបន្ថែមថា របៀបដែលក្រុមយើងបានលេងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះគឺគួរឱ្យរំភើបណាស់ វាពិតជាអស្ចារ្យណាស់។ អ្វីដែលក្រុមនេះកំពុងទទួលបានគឺពិតជាអស្ចារ្យនិងធ្វើឲ្យពួកយើងមានទំនុកចិត្តបំផុត ៕ដោយ៖ភារៈ