ភ្នំពេញ៖ ត្រីកម្រ៤ប្រភេទដូចជា ត្រីគល់រាំង ត្រីត្រសក់ក្រហម ត្រីខ្លា ត្រីត្រចៀកដំរី និងបបែលទឹកសាប ជាដើម ត្រូវបានគេរកឃើញទីតាំងធំៗចំនួន៣ នៅខេត្តក្រចេះ រួមមាននៅ កោះខ្ញែ អូរម្រះ និងត្បូងខ្លាកំពុងដាក់លក់ក្នុងទីផ្សារក្នុងចំណោមត្រី៣៥ប្រភេទ គួឲ្យបារម្ភថាប្រឈមដាច់ពូជ ។នេះបើតាមរបាយការណ៍របស់អង្គការមូលនិធិសកលសម្រាប់ធម្មជាតិ ហៅកាត់ថា WWF ដែលបានចុះអង្កេតរយៈពេល១៨ថ្ងៃ បានកត់ត្រាលើត្រីចំនួន៥.៥៩៦ គីឡូក្រាម ។
របាយការណ៍WWFបានបង្ហាញថា ក្នុងមួយថ្ងៃ បរិមាណត្រីសរុបចំនួន៣១០គីឡូក្រាម ត្រូវបានដាក់លក់នៅតាមផ្សារនៃខេត្តក្រចេះនិង ត្រូវបានដឹកទៅទីផ្សារខេត្តស្ទឹងត្រែង រតនគីរី និងនិងបន្តទៅប្រទេសវៀតណាមរួមនឹងប្រទេសឡាវផងដែរដោយកាត់តាមអន្លង់ឈើទាល និងទៅកាន់ភ្នំពេញ និងខេត្តសៀមរាបតាមរថយន្តឈ្នួល។
ការសន្និដ្ឋានរបស់អង្គការWWF ត្រីដែលបានដាក់លក់នៅទីផ្សារ គឺជាត្រីដែលបានចាប់ពីអន្លង់ទឹកជ្រៅនៅក្នុងតំបន់គ្រប់គ្រងនិងការពារសត្វផ្សោត ដោយបានប្រើប្រាស់ឧបករណ៍ស្របច្បាប់និងខុសច្បាប់ជាច្រើន។
មន្រ្តីខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ និងស្ទឹងត្រែង បានបង្ហាញថា ចំនួនមងនេសាទដែលដកហូតបានពីការបង្ក្រាបបទល្មើសជលផលក្នុងចន្លោះខែធ្នូ ឆ្នាំ២០១៩ ដល់ខែឧសភា ឆ្នាំ២០២០ មានប្រវែងសរុបចំនួន៣៩.១៦២ម៉ែត្រ កើនឡើង៣៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨-២០១៩។ រីឯ ការប្រើប្រាស់សន្ទួចរនងមានចំនួន ៣៧.០៤០ម៉ែត្រ កើនឡើង ៤៦ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨- ២០១៩។ជាមួយនេះ
រដ្ឋបាលជលផល និងអង្គការWWF បានអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធឱ្យចាត់វិធានការលើការពង្រឹងអនុវត្តន៍ច្បាប់ឱ្យបានតឹងរ៉ឹង ចំពោះការនេសាទខុសច្បាប់ និងជួញដូរប្រភេទត្រីជិត៕ ប្រាថ្នា