ខេត្តបាត់ដំបង៖ នៅរសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានដឹកនាំគណៈប្រតិភូកងទ័ពជើងគោក អញ្ជើញគោរពវិញ្ញាណក្ខន្ធ និងដាក់កម្រងផ្កាជូនសពឧត្តមសេនីយ៍ទោ វ៉ែន សាយ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ដែលបាទទួលមរណភាពកាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ក្នុងជន្មាយុ ៦០ឆ្នាំ ដោយរោគាពាធ។
ជំនួសមុខឲ្យកងទ័ពជើងគោក លោក ហ៊ុន ម៉ាណែត បានសំដែងនូវការចូលរួមរំលែកទុក្ខជាមួយលោកស្រី លោកវ៉ែន សាយ និងក្រុមគ្រួសារសព ចំពោះការបាត់បង់ឧត្តមស្វាមី ឪពុក ជាទីស្រឡាញ់នាពេលនេះ។ លោក ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ផងដែរថា នេះជាការបាត់បង់នាយទាហានជាន់ខ្ពស់មួយរូបក្នុងជួរកងទ័ពជើងគោក ដែលកន្លងមកបានលះបង់ បូជាជីវិត ដើម្បីបុព្វហេតុ ជាតិមាតុភូមិ និងប្រជាជន។ ជាមួយគ្នានេះដែរ លោក សូមឧទ្ទិសបួងសួងឲ្យដួងវិញ្ញាណក្ខន្ធសពឯកឧត្តម វ៉ែន សាយ បានទៅកាន់សុគតិភព និងឋានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ។
សូមបញ្ជាក់ផងដែរថាសពលោក វ៉ែន សាយ ត្រូវបានក្រុមគ្រួសារសពសហការជាមួយក្រុមការងាររៀបចំបុណ្យសព បានរៀបចំតម្កល់ធ្វើបុណ្យទក្ខិណានុប្បទានទៅតាមបែបពិធីការសាសនាខ្មែរយើង និងបែបពិធីកងទ័ពនៅគេហដ្ឋាននៃសព ស្ថិតនៅភូមិផ្កាស្នា សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង៕
ដោយ៖សិលា