ព័ត៌មានទាន់ហេតុការណ៍៖

បេីករថយន្តមិនគោរពច្បាប់ចរាចរណ៍​បង្កឱ្យស្ត្រីម្នាក់ស្លាប់យ៉ាងអាណោចអាធ័មនៅស្តុបចំការដូង

ចែករំលែក៖

ភ្នំពេញ ៖​ បុរសម្នាក់បេីករថយន្តហុីយ៉ាន់ដាយ​មិនគោរពភ្លេីងស្តុប​បានជ្រុលទៅបុកស្ត្រីម្នាក់កំពុងឈប់ភ្លើងស្តុបបណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង​ បង្កការភ្ញាក់ផ្អេីលដល់អ្នកដំណេីរនិងសមត្ថកិច្ចមូលដ្ឋានកាលពីវេលាម៉ោង៦ និង៥០នាទីព្រឹកថ្ងៃទី៦ ខែកក្កដាឆ្នាំ២០២០ ស្ថិតនៅចំណុចភ្លើងស្តុបចំការដូង ភូមិខ្វា​រ សង្កាត់ដង្កោ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ ។ 

    អ្នកបើកបររថយន្តបង្កមានឈ្មោះស៊ុន​ សុង​ ភេទប្រុស​ អាយុ៣៧ឆ្នាំ​ មុខរបរបើកបររថយន្ត  មានស្រុកកំណើតនៅភូមិឆ្ងង ឃុំស្វាយធំ ស្រុកស្វាយរៀង ខេត្តស្វាយរៀង​ ។

ចំណែកស្ត្រីរងគ្រោះមានឈ្មោះ ម៉ែន ចន្ធូ​ អាយុ៣៧ឆ្នាំស្នាក់នៅភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ ។ 

    យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ខាងលេីនេះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញស្ត្រីរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខភ្នំពេញ 1DH-3064 ជិះតាមបណ្ដោយផ្លូវលេខ២១៧ ក្នុងទិសដៅពីត្បូងមកជើង​ លុះមកដល់ចំណុចកើតហេតុក៏បានឈប់ភ្លើងស្តុប ស្របពេលនោះក៏មានបុរសម្នាក់បើករថយន្តម៉ាកហ៊ីយ៉ាន់ដាយ​ ពណ៌ស​ ពាក់ស្លាកលេខ ភ្នំពេញ 3E -4273 បើកមកពីក្រោយក្នុងល្បឿនលឿនចាប់ហ្វ្រ័ងមិនទាន់ក៏ជ្រុលទៅបុកម៉ូតូស្ត្រីរងគ្រោះពីក្រោយពេញទំហឹងនិងកិនបណ្តាលឲ្យស្ត្រីរងគ្រោះស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័មបំផុត ភ្លាមៗនោះប្រជាពលរដ្ឋក៏បានជួយចាប់អ្នកបើកថយន្តប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលដង្កោយកទៅសួរនាំផងដែរ​ ។ 

    ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌដង្កោ ចុះទៅដល់កន្លែងកើតហេតុនិងធ្វើការវាស់វែងរួចក៏បានប្រគល់រថយន្តនិងម៉ូតូទៅឱ្យសមត្ថកិច្ចជំនាញនៃការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញយកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ​ ។  ចំណែកសពត្រូវបានសមត្ថកិច្ចធ្វេីកំណត់ហេតុរួចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖