ខេត្តស្ទឹងត្រែង៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃ សហការជាមួយ B L O ច្រកទ្វារអន្តរជាតិត្រពាំងគ្រៀល និងកម្លាំងស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ដុស វណ្ណាសុវឌ្ឍន: នាយការិយាល័យប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ បានឃាត់ខ្លួនបុរសជនជាតិឡាវម្នាក់ពីបទជួញដូរគ្រឿងញៀននិងរក្សាទុកដោយខុសច្បាស់នូវសារធាតុញៀនជាង ៧គីឡូក្រាម ។
ប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យជនជាតិឡាវ ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនកាលពីវេលាម៉ោង ៩ និង៣០នាទីព្រឹកថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០២០នៅចំណុចកំពង់ទូក ស្ថិតក្នុងភូមិអន្លង់ស្វាយ ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។
លោកឧត្តមសេនីយ៍ទោ ដុស វណ្ណាសុវឌ្ឍន: បានឲ្យដឹងថា ប្រតិបត្តិការចាប់ខ្លួនជនសង្ស័យជាជនជាតិឡាវជួញដូរគ្រឿងញៀនខាងលើនេះសមត្ថកិច្ចបានធ្វើការស៊ើបអង្កេតនិងអនុវត្តតាមវិធានញុះញង់ទើបឈានដល់ការចាប់ខ្លួនជនសង្ស័យខាងលើបានរួមនឹងវត្ថុតាងគ្រឿងញៀនចំនួន៥កញ្ចប់ធំស្មើនិឹងជាង ៧គីឡូក្រាម រួចហើយបានបញ្ជូនខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងដើម្បីធ្វើការសាកសួរ។
លោកវរសេនីយ៍ទោ បានបន្តថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន ឈ្មោះភិត ងិន ភេទប្រុស អាយុ៣៩ឆ្នាំ (ជនជាតិឡាវ អ្នកបើកបររថយន្ត) មានស្រុកកំណើត នៅភូមិអូនភូសៃ ស្រុកញ៉ុម៉ាឡាត ខេត្តខាំមួន ប្រទេសឡាវ បច្ចុប្បន្នរស់នៅភូមិកោះសាដាំ ស្រុកខូង ខេត្តចំប៉ាសាក់ ។
ក្រោយពីមន្ត្រីជំនាញបានធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពនៅចំពោះមុខសមត្ថកិច្ចថា ខ្លួនជាអ្នកបើកបររថយន្តឲ្យក្រុមហ៊ុនចិន ។ ចំណែកឯគ្រឿងញៀននេះគេគ្រាន់តែស៊ីឈ្នួលដឹកឲ្យគេប៉ុណ្ណោះ ។ គ្រឿងញៀនត្រូវបានធ្វើតេស្តបឋម ចំពោះមុខជនសង្ស័យនិងមានការចូលរួមពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្ទឹងត្រែង ហើយរកឃើញថាពិតជាមានសារធាតុញៀនប្រាកដមែន ។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ន នៅស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដើម្បីកសាងសំណុំរឿង រួមជាមួយវត្ថុតាងបញ្ជូនទៅតុលាការខេត្តស្ទឹងត្រែង ចាត់ការតាមនីតិវិធី៕ដោយ៖ ហេង សូរិយា