អន្តរជាតិ៖ បន្ទាប់ពីអ្នកវិទ្យាសាស្ត្រជាង២០០នាក់ បានសសេរលិខិតចំហទៅអង្គការសុខភាពពិភពលោក WHO ដោយបង្ហាញថាវីរុសបង្កជំងឺCOVID-19 ឆ្លងតាមខ្យល់ ។ ហើយអង្គការមួយនេះ ក៏កំពុងតែពិនិត្យរបាយការណ៍ដែលទាមទារឲ្យធ្វើបច្ចុប្បន្នភាពការណែនាំរបស់ខ្លួនទៅលើការការពារជំងឺ COVID-19ផងដែរ ។
អង្គការWHO កន្លងមកក្នុងការណែនាំខ្លួននោះ បានលើកឡើងថា វីរុសផ្លូវដង្ហើម SARS-CoV-2 ដែលបង្កជំងឺជា COVID-19 រីកសាយតាមរយៈតំណក់ទឹកតូចៗដែលខ្ទាតចេញពីច្រមុះ ឬ មាត់របស់អ្នកឆ្លងជំងឺ ហើយដែលធ្លាក់ចូលទៅក្នុងដីយ៉ាងឆាប់រហ័ស។ ដោយការណែនាំនោះ ក៏បង្ហាញផងដែរថា ការឆ្លង COVID-19 កើតឡើងតាមរយៈតំណក់ទឹកដែលចេញពីប្រព័ន្ធដកដង្ហើម និងការប៉ះពាល់ផ្ទាល់ និងមិនផ្ទាល់ជាមួយអ្នកមានជំងឺ។
ប៉ុន្តែ នៅថ្ងៃទី៤ ខែកក្កដាថ្មីៗនេះ នៅក្នុងសំបុត្រចំហមួយទៅកាន់ WHO អ្នកវិទ្យាសាស្ត្រចំនួន២៣៩រូប មកពីប្រទេសចំនួន៣២ មានភស្តុតាងបង្ហាញថា វីរុសបង្កជាជំងឺ COVID-19 នេះ អាចអណ្តែតក្នុងខ្យល់ ហើយចម្លងដល់មនុស្សពេលដកដង្ហើមចូល។ ដោយសារតែវីរុសនោះ អាចបន្តនៅក្នុងខ្យល់យ៉ាងយូរ ទើបក្រុមអ្នកវិទ្យាសាស្ត្រទាមទារឲ្យ WHO កែប្រែការណែនាំរបស់ខ្លួន។ ការរកឃើញរបស់ពួកគេត្រូវបានបោះផ្សាយក្នុងទស្សនាវដ្ដី Clinical Infectious Diseases។
បើតាមទីភ្នាក់ងារព័ត៌មាន Reuters លោក Tarik Jasarevic អ្នកនាំពាក្យWHO បាននិយាយនៅថ្ងៃទី៦ ខែកក្កដាថា WHO ដឹងពីរបាយការណ៍ខាងលើ និងកំពុងពិនិត្យអត្ថន័យរបស់របាយការណ៍នេះជាមួយអ្នកជំនាញបច្ចេកទេស។ ប៉ុន្តែទោះជាយ៉ាងណាក្តី គេមិនទាន់មានភស្តុតាងច្បាស់លាស់ឡើយ ថាតើការឆ្លងតាមរយៈខ្យល់មានសភាពញឹកញាប់ប៉ុណ្ណា បើធៀបទៅនឹងការឆ្លងតាមតំណក់ទឹកដែលចេញពីការក្អក ឬកណ្តាស់។
គួរបញ្ជាក់ថា ការកែប្រែសេចក្តីណែនាំស្តីពីហានិភ័យនៃការឆ្លងជំងឺ COVID-19 ដោយ WHO អាចនឹងធ្វើឲ្យប៉ះពាល់ការណែនាំបច្ចុប្បន្នដែលផ្ដល់យោបល់ឲ្យរក្សាគម្លាតសុវត្ថិភាព១ម៉ែត្រពីគ្នា។ មិនតែប៉ុណ្ណោះ រដ្ឋាភិបាលជាច្រើនដែលពឹងលើការណែនាំរបស់ WHO ក៏នឹងត្រូវកែប្រែវិធានការសុខភាពសាធារណៈរបស់ខ្លួនផងដែរ ដើម្បីទប់ស្កាត់ការឆ្លងជំងឺនេះ។
លោកសាស្ត្រាចារ្យ Babak Javid អ្នកប្រឹក្សាជំងឺឆ្លង នៅមន្ទីរពេទ្យCambridge University បានលើកឡើងថា ការឆ្លងតាមខ្យល់អាចកើតមែន ប៉ុន្តែភស្តុតាងដែលបង្ហាញថា វីរុសនៅក្នុងខ្យល់បានយូរប៉ុណ្ណា កំពុងខ្វះខាតនៅឡើយ។ លោកបន្ថែមថា បើសិនជាវីរុសអាចនៅក្នុងខ្យល់រយៈពេលយូរ និងក្រោយពេលអ្នកឆ្លងជំងឺបានចាកចេញ រឿងនេះអាចប៉ះពាល់ដល់វិធានការការពាររបស់បុគ្គលិកពេទ្យ និងអ្នកដទៃផ្សេងទៀត។
ដោយឡែកបើតាមទីភ្នាក់ងារ Reuters បានឲ្យដឹងថា លោកវេជ្ជបណ្ឌិតWilliam Hanage អ្នកជំនាញជំងឺឆ្លងរបស់សាលាសុខភាពសាធារណៈនៃHarvard T.H. បានលើកឡើងថា របាយការណ៍ខាងលើមានចំនុចសមហេតុផលជាច្រើនទាក់ទងនឹងវិធីចម្លងជំងឺដែលនឹងអាចកើតឡើង។ ហើយលោកស្នើក្រុមគ្រូពេទ្យយកចិត្តទុកដាក់ឲ្យមែនទែននូវរបាយការណ៍ខាងលើនេះ ៕ដោយ៖ស តារា