ខេត្តកណ្តាល៖ លោក ទៀង កុស្សារៈ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តកណ្តាល បានអំពាវនាវឲ្យប្រជាពលរដ្ឋមកពិនិត្យមើលទិន្នន័យក្បាលដីរបស់ខ្លួនឲ្យបានច្បាស់លាស់ ចៀសវាងខុសឈ្មោះ អក្ខរាវិរុទ្ធ ថ្ងៃខែឆ្នាំកំណើត ឬបាត់ទំហំដីជាដើម ដើម្បីសម្រួលឲ្យមន្ត្រីជំនាញធ្វើការកែសម្រួល ឡើងវិញឲ្យបានត្រឹមត្រូវ មានតម្លាភាព និងពន្លឿនដល់ការចេញបណ្ណកម្មសិទ្ធិប្រើប្រាស់ស្របច្បាប់។
ការអំពាវនាវនេះធ្វើឡើងនៅក្នុងពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យក្នុងការចុះបញ្ជីដីធ្លី ដែលមានលក្ខណៈជាប្រព័ន្ធ នៅភូមិដើមជ្រៃ ឃុំរកាកោង២ ស្រុកមុខកំពូល កាលពីព្រឹកថ្ងៃទី ៧ ខែ កក្កដា ឆ្នាំ២០២០នេះ ដែលមានក្បាលដីចំនួន ១,១៦៩ក្បាលដី ។
លោក ទៀង កុស្សារៈ បានបញ្ជាក់ថា នេះជាដំណាក់កាលចុងក្រោយហើយ មុននឹងយកទិន្នន័យដែលបានបិទផ្សាយនេះទៅបោះពុម្ពជាបណ្ណកម្មសិទ្ធិប្រគល់ជូនបងប្អូន ប្រជាពលរដ្ឋ ហើយការបិទផ្សាយក្បាលដីនេះ គឺមានរយៈពេលតែ១៥ថ្ងៃប៉ុណ្ណោះ ដោយគិតចាប់ពីថ្ងៃទី៧ កក្កដាដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០។
លោកបានបញ្ជាក់ទៀតថា ក្នុងរយៈពេលនេះគឺបងប្អូនប្រជាពលរដ្ឋអាចប្តឹង ឬជំទាស់តវ៉ាបានមកក្រុមមន្ត្រីជំនាញដែលនៅប្រចាំការជាប្រចាំគិតទាំងថ្ងៃឈប់សម្រាក ប្រសិនបើក្នុងករណីរកឃើញថាមានកំហុសណាមួយលើទិន្នន័យក្បាលដីរបស់ខ្លួន ដើម្បីឲ្យមន្ត្រីជំនាញធ្វើការងារកែសម្រួលឲ្យត្រឹមត្រូវឡើងវិញ។
ថ្លែងក្នុងពិធីនោះដែរ លោក ឆាយ សុណា អភិបាលរងស្រុកមុខកំពូល បានមានប្រសាសន៍ថា ការចុះបញ្ជីដីជាលក្ខណៈប្រព័ន្ធគឺពិតជាមានសារៈសំខាន់ណាស់ក្នុងដំណើរនៃការចេញបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋឱ្យបានត្រឹមត្រូវ ដើម្បីបង្កើនសុវត្ថិភាពលើការកាន់កាប់ និងប្រើប្រាស់ដីធ្លីស្របច្បាប់ ស្របតាមប្លង់គោល និងប្លង់ហេដ្ឋារចនាសម្ព័ន្ធរបស់ស្រុក កាត់បន្ថយទំនាស់ដីធ្លី ធ្វើឱ្យដីមានតម្លៃងាយស្រួលក្នុងការទិញលក់។ ដើម្បីឱ្យដំណើរការនៃការបិទផ្សាយនេះ មានភាពរលូន លោកអភិបាលរងស្រុកបានជំរុញដល់អាជ្ញាធរមូលដ្ឋាន ត្រូវផ្តល់កិច្ចសហការឱ្យបានជាប់ជាប្រចាំជាមួយមន្រ្តីជំនាញ និង ប្រជាពលរដ្ឋជាម្ចាស់ដី ក្នុងការជួយពិនិត្យនូវទិន្នន័យក្បាលដីឲ្យបានត្រឹមត្រូវ និងច្បាស់លាស់ផងដែរ ៕ ដោយ៖ឆ ដា