ព័ត៌មានទាន់ហេតុការណ៍៖

លោក ឯម ច័ន្ទមករា៖ ស្ត្រីមានពិការភាពប្រឈមនឹងការលំបាកច្រើនជាងគេ ទាំងក្នុងវិស័យសាធារណៈ និងវិស័យឯកជន

ចែករំលែក៖

ភ្នំពេញ៖ លោក ឯម ច័ន្ទមករា អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បានថ្លែងថា ស្ត្រីមានពិការភាពប្រឈមនឹងការលំបាកច្រើនជាងគេ ទាំងក្នុងវិស័យសាធារណៈ និងវិស័យឯកជន ពិសេសការទទួលបានជម្រកសមរម្យ សេវាសុខភាព ការអប់រំ ការបណ្តុះបណ្តាលវិជ្ជាជីវៈនិងការងារ ហើយក៏អាចប្រឈម នឹងភាពមិនស្មើភាពគ្នាក្នុងការទទួលបានការតម្លើងឡើងឋានៈ ការទទួលបាននូវឥណទាន កម្ចី និងធនធានផលិតភាពផ្សេងៗទៀត ពិសេសកម្រនឹងបានចូលរួមក្នុងការ សម្រេចចិត្តខាងសេដ្ឋកិច្ចទៀតផង។
លោក ឯម ច័ន្ទមករា បានលើកឡើងយ៉ាងដូចនេះនាព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០នេះ នៅក្នុងពិធីបើកសិក្ខាសាលាស្តីពី «រាល់ទម្រង់នៃការរើសអើងចំពោះស្ត្រី ដែលមានពិការភាព» ដែលបានរៀបចំឡើងនៅសណ្ឋាគារកាំបូឌីយ៉ាណា ក្រោមអធិបតីភាពលោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងមានការចូលរួមពីលោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនជនមានពិការភាពជាច្រើនរូបផងដែរ។
លោក ឯម ច័ន្ទមករា បានបន្ថែមទៀតថា ការលើកកម្ពស់សមភាពយេនឌ័រ និងការផ្តល់សិទ្ធិអំណាចដល់ស្ត្រី គឺជាការចាំបាច់សម្រាប់ការសម្រេចគោលដៅអភិវឌ្ឍន៍ ដែលបានព្រមព្រៀងជាអន្តរជាតិ ក្នុងនោះរួមមានគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍។ ស្ត្រីនិងកុមារី មានពិការភាពជួបប្រទះការរើសអើងទ្វេដងដែលធ្វើឱ្យពួកគេប្រឈមនឹង ហានិភ័យខ្ពស់នៃអំពើហឹង្សាប្រឆាំងនឹងភេទ ការរំលោភបំពានផ្លូវភេទ ការធ្វេសប្រហែសការរំលោភបំពាន និងការកេងប្រវ័ញ្ចជាដើម។
ជាការពិតណាស់ រាជរដ្ឋាភិបាលកម្ពុជា កំពុងស្ថិតនៅក្នុងដំណើរការនៃការពង្រឹងផ្នែកដឹកនាំការធ្វើផែនការ និងការសម្របសម្រួលតួនាទីដែលមានសារៈសំខាន់ សំដៅ ធានាការស្តារឡើងវិញនៅមូលដ្ឋានសហគមន៍ប្រកបដោយនិរន្តរភាព ដោយរួមបញ្ចូលនូវការការគាំពារដល់ជនមានពិការភាពផងដែរ។ តាមរយៈការកំណត់បទដ្ឋាន និងស្តង់ដារអន្តរជាតិ សហគមន៍អន្តរជាតិទទួលស្គាល់តម្រូវការសម្រាប់ទស្សនវិស័យយេនឌ័រ និងការផ្តល់សិទ្ធិអំណាចដល់ស្ត្រីមានពិការភាព ដើម្បីសម្រេចបាននូវការ ទទួលបានសិទ្ធិ និងការអភិវឌ្ឍស្មើគ្នាសម្រាប់សិទ្ធិមនុស្ស និងការអភិវឌ្ឍសម្រាប់ទាំងអស់គ្នារួមទាំងជនមានពិការភាព។
លោក ឯម ច័ន្ទមករា បានបន្ថែមថា ការរើសអើងជនមានពិការភាពប្រឈមនឹងឧបសគ្គយ៉ាងធំធេង ជាក់ស្តែងជនមានពិការភាពមួយចំនួននៅកម្ពុជាមិនទាន់ទទួល អត្តសញ្ញាណបណ្ណ បណ្ណបើកបរនៅឡើយ។ ក្រៅពីនេះស្ត្រីមានពិការភាពក៏ប្រឈមនឹងឧបសគ្គនៃការធ្វើដំណើរឆ្ងាយទៅកាន់ទីប្រជុំជន ឬមណ្ឌលនានា ពិសេសពុំមាន ជំនួយការដើម្បីជួយពួកគេ ដែលជាឧបសគ្គលំបាកបំផុតរារាំងនាពេលសព្វថ្ងៃ។
ជាមួយនោះផងដែរលោក ឯម ច័ន្ទមករា ក៏បានលើកឡើងពីការធានាសមភាពយេនឌ័រសម្រាប់ស្ត្រីមានពិការភាព ត្រូវបានកំណត់ក្នុងទិសដៅជាយុទ្ធសាស្រ្ដទី៧នៃផែនការ យុទ្ធសាស្ត្រខាងលើរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងនោះរួមបញ្ចូលទាំង៖
*ទី១៖ ការលើកកម្ពស់សមភាពយេនឌ័រ និងភាពអង់អាចរបស់ស្រ្តី និងក្មេងស្រីមានពិការភាព
*ទី២៖ ការកសាងសមត្ថភាពស្រ្តី និងក្មេងស្រី ដែលមានពិការភាពអំពីអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងការកេងប្រវ័ញ្ចផ្នែកជីវភាពសេដ្ឋកិច្ច ដើម្បីកសាងទំនុកចិត្តនិងកាត់ បន្ថយការគិតអវិជ្ជមានចំពោះពិការភាពរបស់ខ្លួនឯង និងក្នុងចំណោមអ្នកផ្តល់សេវាជាមួយស្រ្តី និងក្មេងស្រីមានពិការភាព
*ទី៣៖ ការពង្រឹងយន្តការការពារ និងទប់ស្តាត់អំពីអំពើហិង្សាទាក់ទងយេនឌ័រ និងការកេងប្រវ័ញ្ចផ្នែកជីវភាពសេដ្ឋកិច្ចលើស្រ្តី និងក្មេងស្រីមានពិការភាពក្នុងចំណោម អ្នកធ្វើការផ្ទាល់ជាមួយស្រ្តី។
*ទី៤៖ ការបង្កើនកម្មវិធីបណ្តុះបណ្តាលដោយផ្តល់ឱកាសដល់ស្ត្រី និងក្មេងស្រីមានពិការភាពអំពីភាពជាអ្នកដឹកនាំតាមវិស័យ ដើម្បីចូលរួមពេញលេញក្នុងភាពជាអ្នកដឹកនាំ និងទទួលបានមុខងារនៅគ្រប់កម្រិត។
*ទី៥៖ ការលុបបំបាត់របាំងឧបសគ្គនៃការរើសអើងផ្នែកអាកប្បកិរិយា និងទំនាក់ទំនង
*ទី៦៖ ការចូលរួមដើម្បីធានាដល់ការបញ្ជ្រាបឲ្យមានតំណាងស្ត្រីមានពិការភាព នៅក្នុងស្ថាប័នធ្វើការសម្រេចចិត្តនៃរាជរដ្ឋាភិបាល។
*ទី៧៖ ការផ្តល់ការគាំទ្រដល់ការចងបណ្តាញការងារដើម្បីលើកទឹកចិត្តដល់ស្ត្រីមានពិការភាពទទួលបានការអភិវឌ្ឍ វឌ្ឍនភាព និងសិទ្ធិអំណាចឲ្យបានពេញលេញ។
*ទី៨៖ ការបង្កើនការយល់ដឹងអំពីសុខភាពបន្តពូជសមស្របទៅតាមវ័យ និងលទ្ធភាពទទួលបានព័ត៌មានសេវាសុខភាពបន្តពូជសមស្រប ដើម្បីធានាដល់ការសម្រេចចិត្ត ដោយសេរី និងដោយទទួលខុសត្រូវលើការកំណត់ចំនួនកូន និងចន្លោះពេលមានកូន។
*ទី៩៖ ការផ្សព្វផ្សាយកម្មវិធីកាត់បន្ថយភាពក្រីក្រ កម្មវិធីគាំពារសង្គម និងការអភិវឌ្ឍ វឌ្ឍនភាព និងសេវាពហុវិស័យដើម្បីធានាការផ្តោតលើតម្រូវការ និងអាទិភាពរបស់ស្ត្រី ក្មេងស្រី និងមនុស្សចាស់មានពិការភាពដោយឈរលើមូលដ្ឋានសមភាព។
*ទី១០៖ ការពង្រឹងយន្តការសម្របសម្រួលរវាងវិស័យពិការភាពស្រ្តី និងកុមារដើម្បីធានាដល់ការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់ អំពើហិង្សាលើស្រ្តី និងផែនការយុទ្ធសាស្ត្រនារីរតនៈ ព្រមទាំងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍កិច្ចការពារកុមារ។
*ទី១១៖ ការបង្កើនលទ្ធភាពទទួលបានចំណេះដឹងផ្នែកហិរញ្ញវត្ថុ មុខជំនាញ មុខរបរ សេវាឥណទាន ហិរញ្ញវត្ថុដល់ស្ត្រីមានពិការភាព តាមរយៈការផ្លាស់ប្តូរឥរិយាបថ អវិជ្ជមានរបស់ភ្នាក់ងារផ្តល់ឥណទាន៕សហការី


ចែករំលែក៖