ខេត្តកណ្តាល៖ ក្រុមការងារគណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ ដែលដឹកនាំដោយ លោក នាង ឆែន ទីប្រឹក្សាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ និងពិនិត្យការងារ ឆ្នាំ២០២០របស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ របស់សាលាខេត្តកណ្ដាលនាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ ក្រោមអធិបតីភាព លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្ដាល តំណាងលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល។
លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្ដាលបានឱ្យដឹងថា ខេត្តកណ្តាលបានត្រៀមលក្ខណសម្បត្តិគ្រប់គ្រាន់ក្នុងការឆ្លើយតប និងដោះស្រាយផលប៉ះពាល់នានាដែលបង្កឡើងដោយ គ្រោះមហន្តរាយទាំងរដូវប្រាំងនិងរដូវវស្សា។
លោកបានបន្តថា គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ក្រោមជាតិ និឹងជំរុញឲ្យគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ក្រុង ស្រុក ឃុំ សង្កាត់ និងក្រុមការងារគ្រប់គ្រងគ្រោះមហន្តរាយភូមិ ដោយរៀបចំធ្វើបច្ចុប្បន្នភាពបន្ថែមព្រមទាំងបន្តការយកចិត្តទុកដាក់អនុវត្តសារាចរណែនាំរបស់រាជរដ្ឋាភិបាល និងបន្តការតាមដាន ការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមអំពីស្ថានភាពនៃការប្រែប្រួលអាកាសធាតុ ដើម្បីបន្តផ្សព្វផ្សាយជូនប្រជាពលរដ្ឋឲ្យបានទូលំទូលាយ និងមានវិធានការទាន់ពេលវេលា។
ទន្ទឹមនឹងនេះការសហការជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា សប្បុរសជន អង្គការក្រៅរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងពង្រឹងតាមដានជំរុញ កងកម្លាំងប្រដាប់អាវុធ មន្ទីរ អង្គភាពជុំវិញខេត្ត ដើម្បីជួយធ្វើអន្តរាគមន៍ដល់ប្រជាពលរដ្ឋដែលរងគ្រោះ និងទទួលរងផលប៉ះពាល់ពីគ្រោះធម្មជាតិ និងដាក់ចេញនូវផែនការត្រៀមបម្រុង ឆ្លើយតបសង្រ្គោះបន្ទាន់របស់ខេត្ត។
លោក នាង ឆែន បានកោតសរសើរដល់ថ្នាក់ដឹកនាំខេត្តកណ្ដាលទាំងអស់ដែលបានចូលរួមទប់ស្កាត់ និងដោះស្រាយជូនប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗដែលកើតមានឡើង ជាពិសេសបានចូលរួមចំណែកអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋជួបគ្រោះមហន្តរាយបានទាន់ពេលវេលា។
លោក នាង ឆែន ក៏បានណែនាំដល់ថ្នាក់ដឹកនាំខេត្តកណ្ដាលគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់អនុវត្តច្បាប់ស្តីពីការ គ្រប់គ្រងគ្រោះមហន្តរាយឱ្យល្អទៅតាមតួនាទី ភារកិច្ចដែលបានដាក់ជូន និងជាពិសេសត្រូវចេះរាយការណ៍ពីសកម្មភាពដែលកើតឡើងនៅក្នុងខេត្តឱ្យថ្នាក់លើបានដឹង ហើយថ្នាក់ដឹកនាំខេត្តទាំងអស់ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋានឱ្យល្អ ដើម្បីក្តាប់នូវសភាពការណ៍ក្នុងការចាត់វិធានការ ដោះស្រាយជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា៕ ដោយ៖ឆ ដា