ព័ត៌មានទាន់ហេតុការណ៍៖

ទីក្រុង Melbourne ត្រូវបិទទ្វារជាថ្មី ក្រោយការឆ្លងរាលដាលកូវីដ-១៩ជាលើកទីពីរ

ចែករំលែក៖

ប្រទេសអូស្រ្តាលី៖ នៅថ្ងៃទី៧ ខែកក្កដា ប្រព័ន្ធផ្សព្វផ្សាយអូស្ត្រាលីបានផ្សាយថា រដ្ឋ Victoria មានករណីឆ្លងកូវីដ-១៩ថ្មីដល់ទៅ១៩១នាក់ ក្នុងរយៈពេល ២៤ម៉ោង គឺជាកម្រិត ឆ្លងច្រើនបំផុតមិនធ្លាប់មានចាប់តាំងពីការផ្ទុះកូវីដ-១៩ នៅក្នុងប្រទេសនេះ។
អភិបាលរដ្ឋ Victoria លោក Daniel Andrews បានបញ្ជាក់ថា មានករណីឆ្លងកូវីដ-១៩ថ្មីចំនួន ១៩១នាក់ក្នុងរយៈពេល២៤ម៉ោងដែលបង្កការលំបាកក្នុងការតាមដានទំនាក់ទំនងរបស់មនុស្សដែលបានឆ្លងជំងឺនេះ។ លោកបានមានប្រសាសន៍ថា«ទាំងនេះមិនមែនជាតួលេខចុងក្រោយនោះឡើយ»។
ក្នុងថ្ងៃជាមួយគ្នានេះដែរ មន្ត្រីរដ្ឋាភិបាលទីក្រុង មែលប៊នបានប្រកាសថានឹងអនុម័តបិទទីក្រុងធំបំផុតដែលមានពលរដ្ឋជាង៥លាននាក់ ក្នុងរយៈពេល៦សប្តាហ៍ គឺចាប់ពីពាក់កណ្តាលយប់ថ្ងៃទី ៨ ខែកក្កដាតទៅ ។ ការសម្រេចខាងលើកើតឡើងក្រោយពេល ពលរដ្ឋឆ្លងកូវីដ-១៩ កាន់តែច្រើន ។

ជាមួយគ្នានេះដែរ សិស្សសាលា ក៏បានវិលត្រឡប់មកសិក្សាតាមអនឡាញពីចម្ងាយវិញ។

ការឆ្លងរាលដាលលើកទីពីរនៅអូស្ត្រាលី អាចអាក្រក់ជាងលើកទីមួយ ដោយការឆ្លងលើកទីមួយជាប់ពាក់ព័ន្ធនឹងអ្នកដំណើរមកពីក្រៅប្រទេស។ ចំណែកលើកទីពីរ គឺឆ្លងនៅក្នុងសហគមន៍ គឺជាផលលំបាកយ៉ាងខ្លាំងនៅក្នុងការតាមដានពីប្រភពឆ្លង ។

កត្តាទាំងនោះហើយ ទើបរដ្ឋ វិចទ័ររៀ ដែលមានទីក្រុងមែលប៊ន ត្រូវការបិទទ្វារជាថ្មីដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ចៀសវាងហេតុការណ៍អាក្រក់កើតឡើង៕ដោយ៖ធី រីណា


ចែករំលែក៖