ភ្នំពេញ ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្ដី រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានលើកឡើងថា នៅក្នុងខែកក្កដានេះ ឬខែក្រោយក្រសួងនឹងចេញបណ្ណបើកបរអន្តរជាតិ និងបណ្ណបើកបរជូនដល់ជនពិការ។
ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២០ នៅទីស្ដីការក្រសួងមហាផ្ទៃ លោកទេសរដ្ឋមន្រ្ដី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា “នៅខែកក្កដា និងខែសីហានេះ យើងនឹងចេញបណ្ណបើកបរអន្តរជាតិ ដោយសារនៅពេលយើងបើកឡាននៅក្រៅប្រទេស មានបណ្ណបើកបរខ្មែរយើងបើកមិនបាន ដូច្នេះយើងជាសមាជិកអង្គការសហប្រជាជាតិដែរ យើងអាចចេញបណ្ណជូនបងប្អូនប្រជាពលរដ្ឋដែលមានបណ្ណបើកបរហើយមកសុំដូរបណ្ណបើកបរបណ្តោះអាសន្ន”។ លោកបានបន្ដថា បណ្ណបើកបរអន្តរជាតិនឹងមានទៅតាមប្រភេទនីមួយៗ ដូចជាប្រភេទ A B C ដោយមានការបោះត្រាតាមប្រភេទទៅតាមការស្នើសុំរបស់សាមុីខ្លួន។
លោកទេសរដ្ឋមន្រ្តីបានលើកជាឧទាហរណ៍ថា បើគាត់បើកបរឡានទេសចរណ៍ នឹងត្រូវបោះត្រារូបឡានទេសចរណ៍តែម្តង ហើយនៅខែក្រោយ អាចនឹងដំណើរការបានចំពោះបណ្ណបើកបរនេះ។
លោកទេសរដ្ឋមន្ត្រីបានបន្ដទៀតថា ដោយសារអ្នកបើកបរមិនចេះអានអក្សរ ក្រសួងក៏បានបង្កើតកម្មវិធីសំណួរ ចម្លើយជាសំឡេងគឺនៅពេលចូលទៅប្រឡងទ្រឹស្តីបេក្ខជនអាចស្តាប់សំឡេង ហើយជ្រើសរើសចម្លើយដែលត្រឹមត្រូវបាន។ ទន្ទឹមនេះ ក្រសួងក៏បានរៀបចំការផ្តល់បណ្ណបើកបរជូនទៅជនពិការគថ្លង់ផងដែរ។
លោកបានបញ្ជាក់បន្ថែមថា “ដោយសារក្រុមហ៊ុន Grab ចង់ឱ្យបងប្អូនអ្នកពិការមាន ការងារធ្វើអាចបើកបរបានទោះបីជា គឬថ្លង់ ក៏យើងអាចចេញបណ្ណបើកជូនគាត់បានដែរ”។
ចំពោះករណីប្តូរបណ្ណកម្មសិទ្ធិលោកទេសរដ្ឋមន្រ្ដី ស៊ុន ចាន់ថុល បានឱ្យដឹងថា ក្រសួង កំពុងពិភាក្សាជាមួយអគ្គនាយកដ្ឋានពន្ធដារដើម្បីតភ្ជាប់ប្រព័ន្ធរបស់ក្រសួងជាមួយប្រព័ន្ធអគ្គនាយកដ្ឋានពន្ធដារជាមួយគ្នាដើម្បីផ្តល់ភាពងាយស្រួលផ្ដល់សេវាជូនប្រជាពលរដ្ឋ។
លោកបានលើកឡើងដែរថា សព្វថ្ងៃនេះដើម្បីផ្តល់ជូនការផ្ទេរ កម្មសិទ្ធិរថយន្ត ម្ចាស់យានយន្តបានទៅក្រសួងសាធារណការ និងដឹកជញ្ជូនសិន ហើយទៅខាងអគ្គនាយកដ្ឋានពន្ធដារ ដើម្បីបង់ថវិកា រួចហើយមកក្រសួងវិញដើម្បីប្តូរឈ្មោះ។
លោកបានថ្លែងបញ្ជាក់ថា “ឥឡូវអត់ទេ គឺយើងភ្ជាប់ប្រព័ន្ធគឺបង់ថវិកាតែមួយកន្លែងដោយភ្ជាប់ប្រព័ន្ធជាមួយគ្នា យើងដឹងព័ត៌មានដូចគ្នាតែម្តង។ ឥឡូវនេះយើងមិនទាន់ដាក់ដំណើរការទេ គឺរង់ចាំប្រហែលជាដល់ខែតុលា ទើបដំណើរការបាន។ យើងនឹងសាកល្បងឱ្យបានច្រើនដង ដើម្បីឱ្យច្បាស់លាស់ថាការគិតលុយបានត្រឹមត្រូវ ឬការបង់តាមវីង ឬផ្សេងនៅកន្លែងតែមួយតែម្តង”៕
ដោយ៖ស សម