សៀវភៅរបស់លោកស្រីStephanie Winston Wolkoff អតីតទីប្រឹក្សាជាន់ខ្ពស់របស់ភរិយាប្រធានាធិបតីដូណាល់ ត្រាំ បាននិយាយរៀបរាប់ពីទំនាក់ទំនងមិត្តភាពរយៈពេល១៥ឆ្នាំ ។
អតីតជំនួយការអត់ប្រាក់ខែ អ្នកស្រីWolkoff អ្នកចូលរួមនៅក្នុងពិធីឡើងកាន់តំណែងប្រធានាធិបតី របស់លោកដូណាល់ ត្រាំ កាលពីខែមករា ឆ្នាំ២០១៧ បានសម្រេច សរសេរកម្រងអនុស្សាវរីយ៍១៥ឆ្នាំក្នុងនោះមានទាំងពេលវេលានៅក្នុងសេតវិមានផងដែរ។
លោកស្រីWolkoff ត្រូវបានតែងតាំងធ្វើជាទីប្រឹក្សាអត់ប្រាក់ខែរបស់លោកស្រី Melania ដែលជាភរិយាប្រធានាធិបតីដូណាល់ ត្រាំ។ លោកស្រីជាអ្នករៀបចំគ្រប់យ៉ាងសម្រាប់ភរិយាប្រធានាធិបតី ព្រមទាំងរឿងនយោបាយផងដែរ។
ប៉ុន្តែដល់ខែកុម្ភៈ ឆ្នាំ២០១៨លោកស្រីក៏ត្រូវបានដកហូតតំណែងក្រោយរងការចោទប្រកាន់ថាបានទទួលប្រាក់២៦លានដុល្លារដើម្បីរៀបចំពិធីឡើងកាន់តំណែងយ៉ាងអធិកអធមរបស់លោកត្រាំ។
ជាមួយគ្នានេះ នៅមានរៀងរ៉ាវ របស់លោក ត្រាំ និងគ្រួសារ ត្រូវបានលាតត្រដាងនៅក្នុងសៀវភៅមានចំណងជើងថា « Melania និងខ្ញុំ» ។ សៀវភៅនេះត្រូវបានចាត់ទុកថាជាសៀវភៅទីពីរ បន្ទាប់ពីអតីតទីប្រឹក្សាសន្តិសុខជាតិចេញសៀវភៅ «ក្នុងបន្ទប់ដែលរឿងនោះកើតឡើង»ដែលលាតត្រដាងការណ៍ពិតពីរឿងរ៉ាវ និងការដឹកនាំរបស់លោកត្រាំ ៕ដោយ៖ធី រីណា