ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលព្រហ្មទណ្ឌចាប់ខ្លួនជនសង្ស័យ ​៣នាក់ករណីឆក់យកទ្រព្យសម្បត្តិប្រជាពលរដ្ឋចំនួន៣ករណី

ចែករំលែក៖

ភ្នំពេញ ៖ កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ កម្លាំងជំនាញរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ចំនួន៣នាក់ពាក់ព័ន្ធប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ) ចំនួន៣ករណី ហើយបានចាប់យកម៉ូតូជាមធ្យោបាយជិះធ្វើសកម្មភាពនិងចាប់យកភស្តុតាងជារបស់ជនរងគ្រោះបញ្ជូនមការិយាល័យជំនាញដើម្បីចាត់ការតាមនីតិវិធីក្នុងនោះមាន៖

ករណីទី១៖ អំពើលួចមានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់កាបូបដៃពណ៌ខ្មៅ) ប្រព្រឹត្តនៅចំណុចមុខហាងកាហ្វេប៉ោយប៉ែត ផ្ទះលេខ១៨ ផ្លូវលេខ២៤២ ភូមិ១ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង៦និង២០នាទី។ ជនរងគ្រោះឈ្មោះ ជា ប៊ុនហេង ភេទប្រុស អាយុ៥៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្រ្តីនគរបាល មានទីលំនៅផ្ទះលេខ២១ ផ្លូវលេខ៧ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

សម្ភារបាត់បង់មាន កាបូបដៃពណ៌ខ្មៅ ចំនួន១, កាំភ្លើងខ្លីម៉ាក ZORAKI ពណ៌ខ្មៅចំនួន១ដើម, ទូរស័ព្ទដៃម៉ាកអាយហ្វូន ពណ៌ខ្មៅ ស៊ីមកាតលេខ ០៩៨ ៥០៤ ៤០៥ ចំនួន១គ្រឿង, ប្រាក់ដុល្លារចំនួន ២,៥០០ដុល្លារ, ប្រាក់រៀលចំនួន ២,០០០,០០០រៀល, បណ្ណបើកបររថយន្ត, អត្តសញ្ញាណប័ណ្ណចំនួន១សន្លឹក។

ករណីទី២៖ អំពើលួចមានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់កាបូបស្ពាយពណ៌ខ្មៅ) ប្រព្រឹត្តនៅចំណុចមុខអគារពន្ធដារ ផ្លូវលេខ២៤៥ ភូមិ១៤ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១និង៣០នាទី។ ជនរងគ្រោះឈ្មោះ បាន មួយហៀង ភេទស្រី អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្រ្តីពន្ធដារ មានទីលំនៅផ្ទះលេខ៥ ផ្លូវលេខ៣៧៦ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន។

សម្ភារបាត់បង់មានអត្តសញ្ញាណប័ណ្ណមួយសន្លឹក, បណ្ណបើកបរមួយសន្លឹក, កាត ATM ចំនួន៣សន្លឹក, បណ្ណបង់ពន្ធផ្ទះចំនួន៦សន្លឹក, បណ្ណសមាជិកគណបក្សប្រជាជនចំនួន១សន្លឹក, ប្រាក់រៀលចំនួនម្ភៃម៉ឺនរៀល។

ករណីទី៣៖ អំពើលួចមានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ទូរស័ព្ទដៃម៉ាកអាយហ្វូន មិនបានសម្រេច) ប្រព្រឹត្តនៅចំណុចមុខផ្សារធីខេ ផ្លូវលេខ៣១៥ ក្រុម៣១ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១១និង១០នាទី។ ជនសង្ស័យឈ្មោះ ស៊ីថា ស៊ីណាវិបុល ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១០អេស ផ្លូវលេខ៦៥ ភូមិ១០ សង្កាត់ស្រះចក ខណ្ឌដូនពេញ ឃាត់ខ្លួនថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោងប្រហែល១២និង០០នាទី នៅចំណុចផ្លូវលេខ១០៣ សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

២-ឈ្មោះ សូ ផានិត ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១៥ ផ្លូវលេខ៦៥ ក្រុម១៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឃាត់ខ្លួនថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១៧និង៤០នាទី នៅចំណុចម្តុំមាត់ទន្លេ ក្រុម១៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកេវ រាជធានីភ្នំពេញ។

៣-ឈ្មោះ ចាន់ សុខឆេង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងផ្សារដែក ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់ឫស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ឃាត់ខ្លួនថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោងប្រហែល១២ នៅចំណុចផ្លូវលេខ១០៣ សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

វត្ថុតាងចាប់យកមាន ម៉ូតូមួយគ្រឿងម៉ាកហុងដាស្គូពី ពណ៌ស ស៊េរីឆ្នាំ២០២០ លេខតួ-លេខម៉ាស៊ីន ៨១៨៣៨០៥ គ្មានស្លាកលេខចំនួន១គ្រឿង។ ភស្តុតាងចាប់យកមានកាំភ្លើងខ្លីម៉ាក ZORAKI ពណ៌ខ្មៅ បង់ចំនួន១ គ្មានគ្រាប់, បណ្ណសម្គាល់យានយន្ត១សន្លឹក, អត្តសញ្ញាណប័ណ្ណ ចំនួន០១សន្លឹក, ឯកសារផ្សេងៗមួយចំនួន និងកាបូបដៃពណ៌ខ្មៅចំនួន១ ជារបស់ជនរងគ្រោះឈ្មោះ ជា ប៊ុនហេង។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ ការិយាល័យជំនាញបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖