ភ្នំពេញ៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ីបានជូនដំណឹងមកថា៖ នៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ១១និង៣០នាទី ជេីងយន្តហោះពាណិជ្ជកម្មលេខ AK538 របស់ក្រុមហ៊ុនអាកាសចរណ៍ Air Asia បានដឹកអ្នកដំណេីរសរុបចំនួន ៩០នាក់ ឆ្ពោះកាន់ទីក្រុងភ្នំពេញ ដែលក្នុងនោះមានពលរដ្ឋខ្មែរចំនួន ៨៦នាក់ និងជនបរទេសចំនួន ៤ នាក់។
នេះគឺជាជេីងហោះហេីរពាណិជ្ជកម្មធម្មតាលេីកទី១របស់ក្រុមហ៊ុនអាកាសចរណ៍ Air Asia ចាប់តាំងការបិទជេីងហោះហេីររបស់ខ្លួនក្នុងខែមីនា ឆ្នាំ២០២០មក ដោយមានមានការជួយសម្របសម្រួលបន្ថែមពីស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី។
ក្នុងអំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីដ១៩ រហូតមកដល់ពេលនេះ មានប្រជាពលរដ្ឋ ពលករ-ពលការនី សិស្ស-និស្សិតកម្ពុជា បានវិលត្រឡប់ទៅប្រទេសកម្ពុជាវិញជាបន្តបន្ទាប់ តាមរយៈ ជើងយន្តហោះពាណិជ្ជកម្មធម្មតា និងជើងយន្តហោះពាណិជ្ជកម្មពិសេស ក្រោមកិច្ចសម្របសម្រួល របស់ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡាស៊ី និងក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី នុិងក្រុមហ៊ុនអាកាសចរណ៍ Air Asia បានចំនួន ៤លេីក ដែលមានពលរដ្ឋខ្មែរសរុបចំនួន ៥១៧នាក់ (រួមទាំងអ្នកដំណើរឆ្លងកាត់ជនជាតិខ្មែរផងដែរ)។
បច្ចុប្បន្ន ស្ថានទូតកំពុងបន្តជួយសម្របសម្រួលជាមួយក្រុមហ៊ុនអាកាសចរណ៍ទាំងពីរដែលធ្វើប្រតិបត្តិការហោះហើររវាងកម្ពុជា-ម៉ាឡេស៊ី អាចចាប់ផ្តេីមបើកដំណើរការជើងហោះហើររបស់ខ្លួនជាប្រក្រតី ឡើងវិញបានឆាប់ ដើម្បីចូលរួមដោះស្រាយបញ្ហា bubble travels នៅក្នុងតំបន់ សំដៅធ្វើយ៉ាងណា ឱ្យឧស្សាហកម្មហោះហើរ និងឧស្សាហកម្មគ្មានផ្សែង អាចវិលទៅរកភាពប្រក្រតីដោយរលូន។
សូមគោរពបញ្ជាក់ជូនថា ប្រទេសម៉ាឡេស៊ីនៅបន្តរបិទព្រំដែនរហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ហេីយកំពុងចចារជាមួួយប្រទេសជិតខាងរបស់ខ្លួន ដេីម្បីបេីកព្រំដែនឡេីងវិញសំដៅសម្រួលដល់សកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការធ្វេីដំណេីរប្រកបការងាររបស់ប្រជាពលរដ្ឋជាប់ ព្រំដែននឹងគ្នា៕
ដោយ៖សហការី