អន្តរជាតិ៖ បន្ទាប់ពីការបិទព្រំដែនរវាងរដ្ឋVictoria និងNew South Wales ក្នុងមួយសប្តាហ៍ បានចូលជាធរមាន ក្រោយស្ថានភាពCOVID-19 បានហក់ឡើងយ៉ាងខ្លាំងនៅអូស្ត្រាលី។ រដ្ឋមន្ត្រីរតនាគារជាតិអូស្ត្រាលី លោកJosh Frydenberg នៅថ្ងៃទី៨ ខែកក្កដាម្សិលមិញនេះថាបានបញ្ជាក់ថាប្រទេសរបស់ខ្លួន អាចនឹងខាតបង់សេដ្ឋកិច្ចរហូតដល់ ៧០០លានដុល្លារ ។
បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters បាននិយាយថាប្រជាជនដែនឆ្លងព្រំដែនរវាងរដ្ឋទាំងពីខាងលើ នឹងត្រូវពិន័យជាប្រាក់ប្រមាណ៧,៧០០ដុល្លារ និងជាប់ពន្ធនាគារ ៦ខែ។ ដើម្បីយាមល្បាតតាមព្រំដែនរវាងរដ្ឋ Victoria និងNew South Wales ឲ្យមានប្រសិទ្ធភាពហើយអូស្ត្រាលីបានពង្រាយកម្លាំងប៉ូលីស និងយោធា ដោយមានបន្ថែមបច្ចេកវិទ្យាដូចជា ដ្រូនជាដើម។ យ៉ាងណាក៏ដោយប្រជាជនមួយចំនួន ដូចជាអ្នកធ្វើការ អាចចេញចូលរដ្ឋVictoria បាន។
សូមជម្រាបថា ខណៈស្ថានភាពCOVID-19 បានហក់ឡើងយ៉ាងខ្លាំងនៅអូស្ត្រាលី នៅថ្ងៃទី៧ ខែកក្កដាថ្មីៗនេះ រដ្ឋVictoria បានរាយការណ៍ថា មានករណីឆ្លងថ្មីចំនួន១៩១ករណី ដែលជាចំនួនច្រើនជាងគេបំផុតចាប់តាំងពីផ្ទុះកូរូណាវីរុសនៅក្នុងប្រទេស។ ព្រំដែនរដ្ឋរវាងVictoria និង New South Wales ត្រូវបានបិទយ៉ាងតិច៦សប្ដាហ៍ដោយគិតពីយប់ថ្ងៃទី៧ ខែកក្កដាខណៈការបិទក្រុង Melbourne និងក្រុងMitchell Shire នៃរដ្ឋVictoria ដែលត្រូវនឹងចូលជាធរមាននៅម៉ោង១១: ៥៩យប់ ថ្ងៃទី៨ ខែកក្កដានេះ។
លោករដ្ឋមន្ត្រីរតនាគារជាតិអូស្ត្រាលី បន្តថា ការខាតបង់មួយភាគធំ នឹងធ្លាក់លើជំនួញក្នុងរដ្ឋ Victoria ផ្ទាល់ ក្រោមការរឹតត្បិត និងការបិទក្រុងនេះជំនួញមួយចំនួនដូចជា៖ ហាងកាហ្វេ បារ ភោជនីយដ្ឋាន កន្លែងកាត់សក់និងហាត់ប្រាណជាដើម នឹងត្រូវបិទ ហើយប្រជាជនប្រមាណ ៤,៩លាននាក់នឹងត្រូវស្នាក់នៅផ្ទះ។ វានឹងធ្វើឲ្យខាតបង់សេដ្ឋកិច្ចប្រមាណ ៧០០រយលានដុល្លារក្នុងមួយសប្ដាហ៍ផងដែរ។ នេះបើតាមការបញ្ជាក់រដ្ឋមន្ត្រីរតនាគារជាតិអូស្ត្រាលី លោក Josh Frydenberg ដែលផ្សាយដោយសារព័ត៌មានអូស្ត្រាលី ABC ។
បើគិតត្រឹមថ្ងៃទី៨ ខែកក្កដាម្សិលមិញនេះ ប្រទេសអូស្ត្រាលីមានករណីCOVID-19 សរុបចំនួនជាង ៨ពាន់ករណី អ្នកស្លាប់មានជាង ១០០នាក់និងអ្នកជាសះស្បើយមានជាង ៧ពាន់នាក់៕
ដោយ៖ស តារា