ភ្នំពេញ៖ នៅវិមានរដ្ឋសភា នារសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ គណៈប្រតិភូសភានៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមកិច្ចប្រជុំលើកដំបូងតាមប្រព័ន្ធវីដេអូរបស់សភាតំបន់អាស៊ី (APA) ស្តីពីការផ្ទុះឡើងនៃជម្ងឺកូវីដ-១៩ ដឹកនាំដោយ លោក សួស យ៉ារ៉ា អនុប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា រួមជាមួយ លោក ងួន សុជាតិ សមាជិកគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា និង លោក ខៀវ មុត សមាជិកព្រឹទ្ធសភា រួមទាំងមន្រ្តីជំនាញ នៃអគ្គលេខាធិការដ្ឋានសភា។
សូមជម្រាបថា៖ កិច្ចប្រជុំសភាតំបន់អាស៊ីនេះ ធ្វើឡើងតាមរយៈប្រព័ន្ធ Video Conference ដែលបានផ្សាយចេញពីទីក្រុងអង់ការ៉ា ប្រទេសតួកគី ដោយពិធីបើក មានសារវីដេអូរបស់ លោកសាស្រ្តាចារ្យ មូស្តាហ្វា សេនថុប ប្រធានរដ្ឋសភាតួកគី សុន្ទរកថាបើករបស់ លោកស្រីអាស៊ូម៉ាន អេឌូហ្គាន់ ប្រធានក្រុមជាតិសភាតួកគីAPA និងសុន្ទរកថារបស់ លោកបណ្ឌិត ម៉ូហាម៉ាត រេសា ម៉ាជីឌី អគ្គលេខាធិការសភាតំបន់អាស៊ី។
នៅក្នុងកិច្ចប្រជុំនេះ ក៏នឹងលើកយកនូវរបៀបវារៈមួយចំនួន ដូចជា៖
១-អនុម័តរបៀបវារៈ
២-មតិយោបល់ផ្សេងៗជុំវិញផលប៉ះពាល់ពីការផ្ទុះឡើងនៃជម្ងឺកូវីដ-១៩ និងវិធានការបង្ការ
៣-ទម្រង់ នៃកិច្ចប្រជុំនានាតាមប្រព័ន្ធវីដេអូនាពេលអនាគត
៤-សេចក្តីប្រកាស៕
ដោយ៖សិលា