ភ្នំពេញ៖ លោក ជា សុមេធី អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង តាមរយៈសន្និសីទសារព័ត៌មាន ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានថ្លែងថា៖ «ខេត្តព្រៃវែង មានសក្ដានុពលលើវិស័យកសិកម្ម ប្រជាពលរដ្ឋប្រមាណ៧៨.៦% ជាគ្រួសារកសិករ និងជាខេត្តជាប់ចំណាត់ថ្នាក់លេខ១ ទូទាំងប្រទេសលើការដាំដុះស្រូវ (ឆ្នាំ២០១៩ និងឆ្នាំ២០២០»។
លោកអភិបាលខេត្តបបានបញ្ជាក់ថា ៖ ក្នុងឆ្នាំ២០១៩កន្លងទៅ ក្នុងខេត្តព្រៃវែង ស្រូវវស្សាអនុវត្តសរុប២៧០,៥៤៤ហិកតា ស្មើនឹង១០៨.២២% នៃផែនការ ២៥០,០០០ហិកតា ទិន្នផលជាមធ្យម ៣.២៥តោន ក្នុងមួយហិកតា ខណៈស្រូវប្រាំង អនុវត្តសរុប ៨៦,៦២៦ហិកតា ស្មើនឹង១១៥.៥០% នៃផែនការ ៧៥,០០០ហិកតា ទិន្នផលគិតជាមធ្យម ៤.៨០តោន ក្នុងមួយហិកតា។
ថ្លែងក្នុងសន្និសីទកាសែត លោកអភិបាលខេត្ត តុល្យភាពស្បៀងប្រចាំឆ្នាំរបស់ខេត្តព្រៃវែង ក្រោយពីកាត់ចេញសម្រាប់ទុកបរិភោគ ទុកពូជ ចិញ្ចឹមសត្វ នៅសល់លើសពីតម្រូវការ គិតជាអង្ករ មានចំនួន ៥៦០,៧៤៧តោន ស្មើនឹងស្រូវចំនួន ៨៧៦,១៦៧តោន សម្រាប់លក់ទៅទីផ្សារក្នុង និងក្រៅប្រទេស ដែលមានតម្លៃជាមធ្យម ក្នុង១គីឡូក្រាម៩២០រៀល។ លោកបានអធិប្បាយបន្តថា៖ ក្រៅពីដំណាំស្រូវ ខេត្តព្រៃវែង ក៏មានដំណាំរួមផ្សំជាច្រើនទៀតផងដែរ ដែលកន្លងទៅអនុវត្តសរុប៩,៧៨៧ហិកតា រួមមានពោត ៣,៥០០ហិកតា អំពៅ៦៧១ហិកតា សណ្តែក ល្ង ឪឡឹក និងបន្លែគ្រប់មុខ ៩០៦ហិកតា។ ដំណាំឧស្សាហកម្ម អនុវត្តបាន ២,៥៧៦ហិកតា រួមមាន កៅស៊ូ១,២៥៦ហិកតា ស្វាយចន្ទី ២៨៥ហិកតា និងដំឡូងមី ១,០៣៥ហិកតា។
លោក ជា សុមេធី អភិបាល នៃគណៈអភិបាលខេត្ត បានគូសបញ្ជាក់ថា៖ ដោយឡែកសម្រាប់វិស័យធនធានទឹក និងធារាសាស្ត្រ ខេត្តមានប្រព័ន្ធធារាសាស្ត្រ សរុប ១៨៦កន្លែង (ខ្នាតធំ០៤កន្លែង ខ្នាតមធ្យម ១១៤កន្លែង និងខ្នាតតូច ៦៨កន្លែង) និងស្ថានីយ៍បូមទឹក ចំនួន១២កន្លែង ដែលមានលទ្ធភាពស្រោចស្រពលើផ្ទៃដីសរុប ១៧៣,៦៦៦ហិកតា (ស្រូវវស្សា ១២៤,៥៦៥ហិកតា និងស្រូវប្រាំង៤៩,១០១ហិកតា) ស្មើនឹង៥៣,៥០% នៃផ្ទៃដីបង្កបង្កើនផលសរុប។
សូមបញ្ជាក់ថា៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែកក្កដា ឆ្នាំ២០២០ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសទីសារព័ត៌មានស្តីពី «វឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តព្រៃវែង» ដែលមានវាគ្មិនអញ្ជើញចូលរួម៖ លោក អ៊ុំ ប៊ុនឡេង សមាជិកក្រុមប្រឹក្សាខេត្ដព្រៃវែង លោក ជា សុមេធី អភិបាល នៃគណៈអភិបាលខេត្ដព្រៃវែង រួមទាំងប្រធានមន្ទីរជំនាញជុំវិញរដ្ឋបាលខេត្ដ៕សហការី