ភ្នំពេញ៖ បន្ទាប់ពីមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានចេញសេក្តីជូនដំណឹងស្តីពី ការហាមឃាត់ធ្វើអាជីវកម្មទិញ–លក់ពិឃាតសត្វសុនខ (ឆ្កែ) ថ្មីៗនេះ ស្រាប់តែអង្គការ FOUR PAWS ដែលជាអង្គការសុខុមាលភាពសត្វពិភពលោក នៅព្រឹកថ្ងៃទី៩ ខែកក្កដាឆ្នាំ២០២០នេះ បានបង្ហាញការគាំទ្រពេញទំហឹង ចំពោះការហាមឃាត់ការធ្វើអាជីវកម្មទិញ លក់សាច់សត្វឆ្កែរបស់ខេត្តសៀមរាប ដោយរំពឹងថាខេត្តមួយនេះ នឹងក្លាយជាខេត្តគំរូមួយ សម្រាប់ខេត្តផ្សេងៗទៀត ក្នុងការហាមឃាត់ការជួញដូរសាច់សត្វសុនកនេះ។
ឆ្លើយតបនឹងសេចក្តីជូនដំណឹងរបស់មន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប អង្គការសុខុមាលភាពសត្វពិភពលោក បានធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ចាប់តាំងពីឆ្នាំ២០១៨ តាមរយៈការតស៊ូមតិ ដើម្បីហាមឃាត់ការជួញដូរសាច់សត្វឆ្កែ ដោយសារតែហានិភ័យសុខភាពសាធារណៈ ដែលភាគច្រើនបណ្ដាលមកពីជំងឺឆ្កែឆ្កួត និងការរីករាលដាលនៃជំងឺដែលឆ្លងមកសត្វ។
លោកស្រីបណ្ឌិត ខាធើរីនប៉ូឡាក់ ជាពេទ្យសត្វ និងជាប្រធានផ្នែកថែរក្សាសត្វអនាថា នៅអាស៊ីអាគ្នេយ៍ បានបញ្ជាក់ថា សេចក្តីសំរេចរបស់រដ្ឋាភិបាលខេត្តសៀមរាប ក្នុងការហាមឃាត់ការលួច ការធ្វើពាណិជ្ជកម្ម និងការសម្លាប់សត្វឆ្កែ គឺជាព្រឹត្តិការណ៍ដ៏ធំមួយសម្រាប់សុខុមាលភាពសត្វនៅក្នុងប្រទេស និងឆ្លុះបញ្ចាំងពីអារម្មណ៍បច្ចុប្បន្នរបស់ប្រជាជនខ្មែរ។
លោកស្រីសង្ឃឹមថា ខេត្ដសៀមរាបនឹងធ្វើជាគំរូមួយ សម្រាប់ខេត្តផ្សេងៗទៀត ក្នុងការធ្វើតាមដើម្បីការពារជីវិតសត្វឆ្កែរាប់លានក្បាលខណៈក្នុងអំឡុងពេលនៃការស៊ើបអង្កេត បានរកឃើញថា មានភោជនីយដ្ឋានមួយចំនួនក្នុងខេត្តសៀមរាប មានលក់សាច់សត្វឆ្កែនេះផងដែរ។
យោងតាមការស្រាវជ្រាវរបស់ អង្គការ FOUR PAWS សត្វឆ្កែនៅរស់មានតម្លៃចាប់យកពី២ ទៅ ៣ដុល្លារ ក្នុង១គីឡូក្រាម ខណៈសាច់ឆៅ១គីឡូត្រូវបានលក់ក្នុងតម្លៃរហូតដល់ ៤ដុល្លារ។ អ្នកបរិភោគភាគច្រើនជាបុរសដែលមានទំនោរក្នុងការបរិភោគសាច់ឆ្កែ ជាអាហារសម្រន់ជាមួយមិត្តភក្តិអមដោយគ្រឿងស្រវឹង។ ស្ត្រីដែលបរិភោគសាច់ឆ្កែផ្ទុយទៅវិញ មានទំនោរញ៉ាំសាច់ឆ្កែនៅផ្ទះ និងដោយសារតែគេជឿថា ជាថ្នាំព្យាបាលជំងឺ៕ដោយ៖ស តារា