ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ទី ០៩ ខែកក្កដា ឆ្នាំ២០២០ នៅក្នុងបរិវេណវត្តព្រះធាតុ សង្កាត់រលួស ខណ្ឌដង្កោ បានរៀបចំវេទិកាសាធារណៈ រួមជាមួយវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដង្កោ អាណត្តិទី៣ សម្រាប់ប្រជាពលរដ្ឋមកពីសង្កាត់ចំនួន ០៥ រួមមាន ៖ សង្កាត់ព្រែកកំពឹស, សង្កាត់រលួស ,សង្កាត់ស្ពានថ្ម ,សង្កាត់ទៀន និងសង្កាត់គងនយ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌដង្កោ, លោក លាង មុនីរិទ្ធ រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម សំណង់ និងភូមិបាល, លោក ប៊ុន សេរី ទីប្រឹក្សាក្រសួងមហាផ្ទៃ, លោក ម៉ៃ ម៉ុន ប្រធានក្រុមប្រឹក្សាខណ្ឌ លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ ព្រមទាំងលោក លោកស្រីក្នុងជួរក្រុមការងារ និងក្រុមប្រឹក្សាខណ្ឌ សង្កាត់ ដែលមានវត្តមានចូលរួមសរុបចំនួន ៣៨៩នាក់ ក្នុងនោះស្រ្តី ១៥៦នាក់ ។
ក្នុងឱកាសបើកវេទិកានោះផងដែរ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាននាំយកនូវអាហារសម្រន់ មាននំប៉ាវ ទឹកអំពៅ ទឹកសុទ្ធចែកជូនដល់សមាជិកចូលរួមទាំងអស់បរិភោគរួមគ្នា ក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាល បំផុត។
តាមរយៈអង្គវេទិកា សមាជិកចូលរួមបានលើកសំណើជាលាយលក្ខណ៍អក្សរ និងផ្ទាល់មាត់សរុបចំនួន ៣៥សំណើ ក្នុងនោះផ្ទាល់មាត់ ៦សំណើ ដែលពាក់ព័ន្ធនិងវិស័យមួយចំនួនដូចខាងក្រោម ៖
១- វិស័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល ចំនួន ១សំណើ ។
២- វិស័យទឹកស្អាត ចំនួន ៩សំណើ ។
៣- វិស័យសាធារណការ ដឹកជញ្ជូន ចំនួន១៥សំណើ ។
៤- វិស័យអប់រំ ចំនួន ១សំណើ ។
៥- វិស័យសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ចំនួន ១សំណើ ។
៦- វិស័យអគ្គិសនី ចំនួន ៤ សំណើ ។
៧- វិស័យធនធានទឹក ចំនួន ២សំណើ ។
៨- វិស័យបរិស្ថាន ចំនួន ២សំណើ ។
ជាមួយគ្នានេះ ក្រុមការងារតាមជំនាញបានធ្វើការឆ្លើយបំភ្លឺ បកស្រាយពីលទ្ធភាពដំណោះស្រាយជាក់ស្តែង តាមសំណើនីមួយៗ ដោយស្មារតីទទួលខុសត្រូវខ្ពស់ ។
បន្ទាប់ពីបញ្ចប់វេទិកាសាធារណៈ ឯកឧត្តម រ័ត្ន ស្រ៊ាង និងក្រុមការងារក៏បាននាំយកទេយ្យវត្ថុរួមមាន ថវិកាចំនួន០១លានរៀល ទៀនធំ០១គូ ទឹកសុទ្ធនិងទឹកក្រូច(មូតាន់) ២០កេស អង្ករ០៦ការ៉ុង និងមី០៦កេស ប្រគេនដល់ព្រះចៅអធិការវត្ត ព្រមទាំងបានឧបត្ថម្ភថវិកាដល់កម្លាំងការពារសណ្តាប់ធ្នាប់ និងក្រុមការងារយុវជនដែលបានចូលរួមនៅពេលនោះផងដែរ ៕
ដោយ៖ ចន្ទ លីហ្សា