ព័ត៌មានទាន់ហេតុការណ៍៖

បេីកបរមិនគោរពភ្លេីងស្តុប​! កង់បី​ និងម៉ូតូ​ បុករថយន្តស៊េរីទំនេីបមួយគ្រឿងនៅផ្លូវព្រះមុន្នីវង្ស​ បណ្ដាលឲ្យរងការខូចខាត

ចែករំលែក៖

ភ្នំពេញ​ ៖​ រថយន្តស៊េរីទំនេីប​ម៉ាកFord មួយគ្រឿង​ ខណៈកំពុងបេីកឆ្លងផ្លូវ​ ក៏ត្រូវម៉ូតូ​ម៉ាកហុងដាឌ្រីមមួយគ្រឿងរួមនិងកង់បីមួយគ្រឿងទៀត​ មកបុកចំពីមុខនិងចំហៀងពេញទំហឹង​ បណ្ដាលឲ្យរងការខូចខាត​ បង្កការកកស្ទះចរាចរណ៍ដល់អ្នកដំណេីរកាលពីវេលាម៉ោង៨​ និង២០នាទីយប់​ ថ្ងៃទី៩​ ខែកក្កដា​ ឆ្នាំ​២០២០​ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះមុន្នីវង្ស​ កែងផ្លូវ៩៦​ ស្ថិតក្នុងសង្កាត់វត្តភ្នំ​ ខណ្ឌដូនពេញ​ ។ 

      បេីតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ ដំបូងមានរថយន្តម៉ាក​ Ford ពណ៌ឈាមជ្រូក​ ពាក់ស្លាកលេខភ្នំពេញ​ 2BG-1390​ ដែលបេីកបរដោយជនជាតិបរទេស​ បានឆ្លងពីផ្លូវព្រះមុន្នីវង្ស​ មកផ្លូវ៩៦​ ដោយមានសញ្ញាភ្លេីងខៀវ​ ។ ខណៈពេលនោះស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម​ ស៊េរីឆ្នាំ២០១៤​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ តាកែវ​ 1G-1344 ជិះដោយយុវជនម្នាក់​ និងមានម៉ូតូកង់បីដឹកឥវ៉ាន់មួយគ្រឿងទៀត​ បានធ្វេីដំណេីរទន្ទឹមគ្នាបំពានភ្លេីងស្តុប​ ក៏ជ្រុលទៅបុករថយន្តស៊េរីទំនេីបម៉ាកFord​ ចំពីមុខនិងចំហៀងពេញទំហឹង​ បណ្ដាលឲ្យបែកចង្កៀង​ និងបាក់កាង​ រងការខូចខាត​ ។ 

    ក្នុងករណីនេះ​ មិនបណ្ដាលឲ្យនរណាម្នាក់រងរបួសនោះទេ​ ហេីយមួយសន្ទុះក្រោយមកក៏មានសមត្ថកិច្ចមូលដ្ឋានចុះមកដល់​ រួចធ្វើការវាស់វែងយកវត្ថុតាងមកអែមខាងសិន​ ដេីម្បីកុំឲ្យមានការកកស្ទះចរាចរណ៍ដល់អ្នកដំណេីរ​ ។ 

    ក្រោយមក​ ដោយភាគីរថយន្តម៉ាកFord និងម៉ូតូកង់បី​ មានក្រុមហ៊ុនធានារ៉ាប់រងដូចគ្នា​ ទេីបភាគីខាងម៉ូតូកង់បីចេញថ្លៃខូចខាតត្រង់ចំណុចដែលខ្លួនបុក​ រីឯភាគីខាងម៉ូតូ​ ដោយសារភាគីរថយន្តយល់ឃេីញថាជាសិស្សសាលា​ និងមិនសូវមានលុយកាក់ផងនោះ​ ក៏ព្រមឲ្យត្រឡប់ទៅវិញ​ ដេីម្បីបញ្ចប់រឿងនៅនឹងកន្លែងតែម្ដង៕​ ដោយ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖