ភ្នំពេញ ៖ មានរថយន្ត២គ្រឿងដែលម្ចាស់បេីកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន បានបុកគ្នានៅត្រង់ចំណុចផ្លូវបំបែកជាបួនយ៉ាងពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ និងបង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋកាលពីវេលាម៉ោង១២ និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅក្បែររមណីយដ្ឋានវត្តភ្នំ តាមបណ្ដោយផ្លូវព្រះនរោត្ដម កែងនឹងផ្លូវលេខ១០៦ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។
បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងគេឃេីញរថយន្តម៉ាក SIDEKICK ពណ៌សខ្មៅ ពាក់ស្លាកលេខ ឃ8191 ភព2 បើកតាមបណ្ដោយផ្លូវព្រះនរោត្ដមក្នុងទិសដៅពីត្បូងទៅជេីងដោយប្រើល្បឿនមធ្យម ខណៈមកដល់ចំណុចកេីតហេតុក៏ត្រូវរថយន្តម៉ាក Suzuki ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2U-8494 បេីកដោយយុវជនម្នាក់តាមបណ្ដោយផ្លូវលេខ១០៦ ក្នុងទិសដៅពីកេីតមកលិចដោយប្រើល្បឿនលឿន បានជ្រុលទៅបុករថយន្តម៉ាក SIDEKICK ពីចំហៀងយ៉ាងពេញទំហឹង បណ្ដាលឲ្យខ្ទាតទៅបុកខឿនផ្លូវនិងបង្គោលបង្ហាញចរាចរណ៍រងការខូចខាត ។
ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះមិនបណ្ដាលឲ្យមនុស្សរងរបួសនោះឡេីយ គ្រាន់តែខូចខាតរថយន្តទាំងពីរគ្រឿងយ៉ាងដំណំ រួមនឹងបង្គោលបង្ហាញចរាចរណ៍តិចតួចតែប៉ុណ្ណោះ ។
ក្រោយកេីតហេតុ ភាគីខាងរថយន្តSuzuki បានព្រមសងថ្លៃខូចខាតទៅលេីរថយន្ត SIDEKICKដែរ តែទោះជាយ៉ាងណា ដោយសារករណីនេះបានបង្កផលប៉ះពាល់ដល់សម្បត្តិរដ្ឋ ទេីបសមត្ថកិច្ចជំនាញចុះមកធ្វេីការវាស់វែងហើយយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមច្បាប់៕
ដោយ៖ ភារ៉ា ដង្កោ