ភ្នំពេញ៖ តារាសម្តែង និងពិធីការិនីស្រស់សោភា កញ្ញា សុផា លីនដា បានបង្ហាញមុខនិងអត្តសញ្ញាណគូស្នេហ៍ជាផ្លូវការនៅថ្ងៃបើកដំណើរការដំបូងនៃហាងថ្មីរបស់នាង។
ថ្ងៃទី០៩ ខែកក្កដា នេះ តារាស្រីសុផា លីនដា បានប្រកាសបើកដំណើរការជាផ្លូវការអាហារដ្ឋានថ្មីយីហោ”ខ្ទះពោះ” នាតំបន់ខាងក្រោយសាលាវ៉ាន់ដាក្រោមវត្តមានភ្ញៀវជាច្រើនកុះកររួមទាំងវត្តមានអ្នកសិល្បៈផងដែរ។ អ្វីដែលគេចាប់អារម្មណ៍គឺបុរសស្រស់សង្ហា វ័យជាង៣០ឆ្នាំម្នាក់ក៏បង្ហាញវត្តមានក្នុងនាមជាចុងភៅ និងអ្នកគ្រង់គ្រងហាង ដែលតារាស្រីរូបនេះដាច់ចិត្តទម្លាយថាគឺជាគូស្នេហ៍ ហើយហាងថ្មីនេះក៏ជាចំណែកនៃការរួមគ្នាបើកដំណើរការផងដែរ។ តារាស្រីរូបនេះទម្លាយដែរថា នាងបានស្គាល់គូស្នេហ៍ប្រមាណជិត១ឆ្នាំមកហើយ ហើយពេលនេះអាចថាច្បាស់លាស់ជាមួយគ្នាទើបសម្រេចចិត្តថាដាក់ទុនទាំងស្នេហា និងថវិការរួមគ្នានេះប៉ុន្តែនៅមិនទាន់គិតដល់ថ្ងៃរៀបការណាមួយនៅឡើយ។ នាងមិនបានបញ្ជាក់អំពីទំហំទឹកប្រាក់ថាបើកដំណើរការសាកល្បងលើកដំបូងទទួលបានការគាំទ្រច្រើនរហូតរកកន្លែងអង្គុយគ្មាន។ នាងថាការបើកមុខរបរក្នុងដំណាក់កាលនេះគឺអាចលំបាកបន្តិចសម្រាប់ផ្លូវចិត្ត ប៉ុន្តែក្រោយសង្កេតឃើញពីសន្ទុះនៃការគាំទ្រនាងពិតជារំភើបចិត្ត ដែលនាងបញ្ជាក់ថាគ្រោងពង្រីកសាខាហាង និងការលក់ឈ្មោះBrand សម្រាប់អ្នកចង់បើកបន្តផងដែរ។
គួរបញ្ជាក់ដែរថា សុផា លីនដា គឺជាតារាសម្តែង បង្ហាញម៉ូត និងពិធីការិនីល្បីឈ្មោះម្នាក់ក្រោយពីនាងចូលប្រឡូកក្នុងសិល្បៈអស់ជាច្រើនឆ្នាំ។ តារាស្រីរូបនេះបញ្ជាក់ដែរថានាងនឹងនៅតែបន្តការងារសិល្បៈជាប្រក្រតីបើទោះបីជាពេលនេះនាងមានមុខជំនួញក្នុងដៃក៏ដោយ៕ ដោយ ៖វឌ្ឍនា