ព័ត៌មានទាន់ហេតុការណ៍៖

បុគ្គល​នគរបាល​ខេត្ត​ត្បូង​ឃ្មុំ​ម្នាក់​ ដកកាំភ្លេីងបាញ់សម្លាប់គូសង្សារ​ ហេីយបើក​រថយន្តគេច ទៅបុករថយន្តមួយគ្រឿងពីក្រោយរបួសធ្ងន់

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖​ មន្រ្តីនគរបាលខេត្តត្បូងឃ្មុំម្នាក់ឈ្មោះ មូល ទិត្យឧត្តម​ បានជួបគ្រោះ​ថ្នាក់​ចរាចរណ៍​របួសធ្ងន់​ធ្ងរ​ នៅ​ពេលជិះរថ​យន្តគេចខ្លួនទាំងភិតភ័យ​ ក្រោយ​ដក​កាំភ្លើង​បាញ់​សម្លាប់នារីជាគូកំណាន់បេះដូង​ ដែលករណីនេះមិនទាន់មានការ​សន្និដ្ឋាន​ជាគំនុំ ឬស្នេហាត្រីកោណ យ៉ាងណានោះទេ ។

យោងតាម​ប្រភព​ព័ត៌មាន​អោយដឹងថា​ ស្នូរគ្រាប់​កាំភ្លើងនៅ​វេលាម៉ោង២០៖០៦នាទី​ ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចមុខ KTV ហ្គោលក្លឹប ស្ថិតក្នុងភូមិជីមាន់កណ្តាល ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

ប្រភព​បន្ត​ថា​ នារីរងគ្រោះឈ្មោះ ហេង សុខហ៊ាប អាយុ២០ឆ្នាំ ឯជនជាមន្រ្តីនគរបាលខេត្តត្បូងឃ្មុំ​ ឈ្មោះ មូល ទិត្យ​ឧត្តម អាយុ៣៥ឆ្នាំ។

ប្រភព​ព័ត៌មាន​នៅកន្លែង​កេីត​ហេតុ​ ជនដៃដល់ដែលជាមន្រ្តីនគរបាល ដកកាំភ្លើងបាញ់ចេញពីរថយន្ត ក្រោយបាញ់ភ្លាមជនល្មើសបានបើករថយន្តរត់គេចជ្រុលទៅបុករថយន្ត១គ្រឿងទៀតពីក្រោយពេញទំហឹង បណ្តាលអោយរងរបួសធ្ងន់ ហើយត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ​ តែដោយសារ​ស្ថានភាពធ្ងន់ធ្ងរពេទ្យបញ្ជូនជនដៃដល់ទៅមន្ទីរពេទ្យកំពង់ចាមបន្ត។

ចំពោះ​ករណី​នេះ​ សមត្ថកិច្ច​ក៏មិនទាន់ដឹងថាជាអំពើប្រព្រឹត្តឡើងដោយគំនុំ ឬស្នេហាត្រីកោណ យ៉ាងណានោះទេ ប៉ុន្តែនៅពេលនេះកម្លាំងនគរបាលស្រុកពញាក្រែកចំនួន០៤នាក់ នៅតាមការពារជនល្មើស និងមួយក្រុមទៀតកំពុងចាត់ការតាមនីតិវិធី៕​

ដោយ​ ៖​ វណ្ណៈ


ចែករំលែក៖