ព័ត៌មានទាន់ហេតុការណ៍៖

រៀនបែងចែកឱ្យដាច់រវាងរបស់ដែលចាំបាច់ និងរបស់ដែលចង់បាន ស្រីៗកុំចេះតែចាយលុយផ្ដេសផ្ដាស

ចែករំលែក៖

ចំពោះការចាយវាយជារឿងមួយដែលយើងគ្រប់គ្នាត្រូវតែគិតឱ្យបានល្អិតល្អន់ មុននឹងចំណាយលុយទៅទិញអ្វីមួយ ជាពិសេសគឺស្រីៗតែម្តង ដែលចូលចិត្តណាស់ក្នុងការដើរផ្សារទិញរបស់ ហើយក៏មានរបស់ខ្លះទិញមកហើយគឺមិនយកមកប្រើការទេទុកចោល ទិញព្រោះតែចិត្តស្រឡាញ់ និងចង់បានតែមួយឆាវ។ ដូច្នេះហើយ សូមមនុស្សស្រីគ្រប់គ្នា គួរតែចេះបែងចែកឱ្យដាច់រវាង «របស់ដែលចាំបាច់ត្រូវទិញ និងរបស់ដែលគ្រាន់តែចង់បានមួយពេល»។

១. របស់ដែលចាំបាច់

វាជារបស់ដែលមានតម្លៃ ជារបស់ដែលអាចយកមកប្រើកើតជាប្រយោជន៍ ឬជាទ្រព្យសម្បត្តិ ដែលកាន់តែរក្សាទុកនឹងរឹតតែមានតម្លៃថ្លៃទ្វេដង។ របស់ចាំបាច់ដែលយើងត្រូវទិញ ថ្វីដ្បឹតថាមានរបស់ខ្លះ វាថ្លៃក៏ពិតមែន តែជាក់ស្ដែងបើយើងចេះសន្សំលុយកាក់ ផ្អាកចាយវាយ ឬកាត់បន្ថយទិញរបស់ដែលមិនចាំបាច់ របស់ដែលមិនបានការទាំងឡាយ នោះយើងនឹងអាចសន្សំលុយទិញរបស់ដែលចាំបាច់នោះបាននៅថ្ងៃណាមួយមិនខានឡើយ។ ត្រូវចាំថា របស់ចាំបាច់ដែលយើងត្រូវទិញនោះ ទោះជាយ៉ាងណា ក៏យើងត្រូវតែទិញវាឱ្យបានដែរ ព្រោះបើមិនអាច ឬមិនមានលទ្ធភាពទិញវាទេ យើងប្រាកដជាត្រូវខាតបង់អ្វីមួយទៅជាមួយមិនខាន។

២. របស់ដែលចង់បាន

មានរបស់ច្រើនណាស់ ដែលវាគ្រាន់តែជាអារម្មណ៍ចង់បានមួយគ្រា ឬមួយឆាវ ហើយបើគិតឱ្យដិតដល់ទៅគឺបើទោះជាយើងខកខានមិនបានទិញវា ក៏មិនមានការខាតបង់អ្វីនោះដែរ។ ប៉ុន្តែភាគច្រើននៃមនុស្សស្រីយើងគឺ ច្រើនតែចាយលុយផ្ដេសផ្ដាស របស់ខ្លះទិញហើយមិនខ្ចីប្រើ ទិញហើយយកមកទុកចោល ព្រោះកាលពីពេលទិញនោះគឺ ទិញទាន់គេទើបតែចេញលក់ថ្មីៗ ទិញព្រោះគេបញ្ចុះតម្លៃ ឬទិញព្រោះតែតាមមិត្តភក្តិ ឬអ្នកដែលដើរផ្សារជាមួយ។ ចុងក្រោយ ក៏យកមកទុក រហូតដល់ភ្លេចទៀតថា ខ្លួនបានទិញរបស់នេះមកតាំងពីពេលណា ហើយទិញយកមកធ្វើអី? មួយវិញទៀត មនុស្សស្រីច្រើនតែទិញរបស់មិនបានការ គ្មានប្រយោជន៍យកមកទុក ក៏ព្រោះតែអារម្មណ៍ស្មុគស្មាញ ខូចចិត្ត មិនសប្បាយចិត្ត ទើបចេះតែដើរផ្សារចាយលុយផ្ដេសផ្ដាស ចាយវាយលើរបស់ដែលគ្មានប្រយោជន៍ ចុងក្រោយអ្នកអាចនឹងលក់របស់ដែលមានតម្លៃ របស់សំខាន់ របស់ចាំបាច់ ព្រោះតែអ្នកបានចំណាយលុយអត់ប្រយោជន៍ អស់ទៅលើការទិញរបស់ដែលអ្នកគ្រាន់តែចង់បាន ទៅតាមអារម្មណ៍មួយគ្រាៗ ឬមួយឆាវៗនោះ។

ការចេះសន្សំសំចៃ ចាយវាយ ឬទុកដាក់លុយកាក់ វាក៏ជាសញ្ញាមួយសបញ្ជាក់ពីចរិតលក្ខណៈ និងគុណសម្បត្តិ ចរិយាសម្បត្តិ របស់អ្នកដែលជាមនុស្សស្រីផងដែរ មនុស្សស្រីចេះទុកដាក់ទើបល្អ តែបើគិតតែចាយវាយ ខ្ជះខ្ជាយផ្ដេសផ្ដាស អាចឱ្យគេដៀលអ្នកថាជាស្រីកញ្ជើធ្លុះផងក៏ថាបាន បើទោះជាអ្នកចាយលុយខ្លួនឯងរកបានក៏ដោយ តែគុណតម្លៃអ្នកក៏មិនសូវល្អ ព្រោះអ្នកពូកែរក តែក៏ពូកែចាយ ពូកែខ្ជះខ្ជាយដែរ៕ដោយ៖ស សម


ចែករំលែក៖