ប្រទេសបូឡាវី៖ ក្រោយប្រធានាធិបតីប្រេស៊ីល លោកJair Bolsonaro បានឆ្លងកូវីដ-១៩ នៅពេលនេះប្រធានាធិបតីបណ្តោះអាសន្នរបស់ប្រទេសបូឡាវី ក៏បានរកឃើញឆ្លងកូវីដ-១៩ផងដែរ ក្លាយជាប្រមុខដឹកនាំថ្មីបំផុតនៅអាមេរិកឡាទីនឆ្លងកូវីដ-១៩។
ប្រធានាធិបតី បូឡាវី លោកស្រីJeanie Anez បានបង្ហោះសារនៅលើបណ្តាញសង្គមថា លោកស្រីបានធ្វើតេស្តវិជ្ជមានចំពោះកូវីដ-១៩។ លោកស្រីបញ្ជាក់ថា លោកស្រីមានសុខភាពធម្មតាហើយនៅតែបន្តធ្វើការពីចម្ងាយ។
ក្រៅពីលោកស្រីប្រធានាធិបតី នៅមានរដ្ឋមន្ត្រីជាច្រើនរូបទៀតនៅក្នុងប្រទេសបូឡាវីឆ្លងកូវីដ-១៩ ក្នុងនោះ មានរដ្ឋមន្ត្រីក្រសួងសុខាភិបាល ប្រធានធនាគារជាតិ ប្រធានការិយាល័យប្រធានាធិបតី។
កាលពីចុងខែមិថុនា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបូឡាវី បានព្រមានថាកូវីដ-១៩ កំពុងតែកើនឡើងនៅក្នុងប្រទេសនេះ។ មកដល់ថ្ងៃទី១០ខែកក្កដានេះ បូឡាវី មានករណីឆ្លងកូវីដ-១៩ដល់ទៅ៤៣.០០០នាក់ ក្នុងនោះស្លាប់១៦០០នាក់ ផងដែរ ៕
ដោយ៖ធី រីណា