អន្តរជាតិ៖ ក្រោយមានករណីអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកជនជាតិវៀតណាមម្នាក់ ដែលត្រូវតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ៨ឆ្នាំ បន្ទាប់ពីរូបគេបង្ហាញគំនិតគាំទ្រប្រជាធិបតេយ្យនោះ ។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានបង្ហាញក្ដីបារម្ភរបស់ខ្លួនទៅលើករណីអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក និងស្នើឲ្យវៀតណាម បើកទូលាយសេរីភាពបញ្ចេញមតិក្នុងប្រទេស។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក និយាយថា អាមេរិកមានក្ដីបារម្ភជ្រាលជ្រៅចំពោះព័ត៌មានទាក់ទងសកម្មជន Nguyen Quoc Duc Vuong ដែលត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ៨ឆ្នាំ។ ដោយសហរដ្ឋអាមេរិកវិញ មិនសប្បាយចិត្តឡើយចំពោះសកម្មភាពរបស់អាជ្ញាធរវៀតណាមដែលត្រូវបានមើលឃើញថា ជាការបំបិទសេរីភាពបញ្ចេញមតិ។
បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP បាននិយាយថា លោកNguyen Quoc Duc Vuong ជាអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកត្រូវបានចាប់ខ្លួនកាលពីខែកញ្ញា ឆ្នាំ២០១៩ ហើយត្រូវបានកាត់ទោសឲ្យពន្ធនាគារដល់ទៅ៨ឆ្នាំនៅថ្ងៃទី៧ ខែកក្កដា ដោយតុលាការវៀតណាមដែលចោទរូបគេថា មាក់ងាយមេដឹកនាំប្រទេស។ ដោយសំណុំរឿងរបស់លោកNguyen Quoc Duc Vuong ធ្វើឡើងយ៉ាងលឿន។
ដោយឡែកអង្គការឃ្លាំមើលសិទ្ធមនុស្ស (HRW) លើកឡើងថា បុរសម្នាក់នេះ តែងប្រើប្រាស់បណ្ដាញសង្គមដើម្បីបញ្ចេញយោបល់គាំទ្រឲ្យមានប្រជាធិបតេយ្យនៅវៀតណាម ដែលសព្វថ្ងៃស្ថិតក្រោមការគ្រប់គ្រងបែបកុម្មុយនីស្ត។ ដោយរូបគេ ក៏បានចែករំលែកព័ត៌មានពីការតវ៉ានៅទីក្រុងហុងកុង នាពេលកន្លងមកដែរ។
«ការផ្តន្ទាទោសយូរបែបនេះ ជាតួលេខមួយទៀតនៃការចាប់ខ្លួន និងការកាត់ទោសអ្នកសារព័ត៌មាន និងសកម្មជនក្នុងគោលដៅទាត់ចោលសេរីភាពបញ្ចេញមតិនៅវៀតណាម។» នេះជាការបញ្ជាក់របស់មន្ត្រីអាមេរិកដែលផ្សាយដោយ AFP ដែលបន្តថា អាមេរិកស្នើឲ្យរដ្ឋាភិបាលវៀតណាមធានាថាសកម្មភាព និងច្បាប់របស់ខ្លួនរាប់ទាំងក្រមព្រហ្មទណ្ឌផងនោះ អនុលោមតាមរដ្ឋធម្មនុញ្ញរបស់ខ្លួនដែលចែងពីសិទ្ធមនុស្សក៏ដូចជាការប្ដេជ្ញាចិត្ត និងកាតព្វកិច្ចជាអន្តរជាតិរបស់វៀតណាមផងដែរ។
គួរបញ្ជាក់ថា លោកNguyen Quoc Duc Vuong ជាសកម្មជនចុងក្រោយគេមួយដែលត្រូវបានចាប់ខ្លួន និងកាត់ទោស ខណៈដែលវៀតណាមកំពុងត្រៀមរៀបចំសមាជបក្សដែលធ្វើរៀងរាល់៥ឆ្នាំម្ដង នៅខែមករា ឆ្នាំ២០២១ ។ គេរំពឹងថា អ្នកប្រឆាំងរបបដឹកនាំហាណូយមួយចំនួនទៀតដែលបន្ត អាចត្រូវបានកាត់ទោស ឬចាប់ខ្លួនផងដែរ៕ដោយ៖ស តារា