យោងតាមប្រតិទិនថ្មីដែលចេញផ្សាយដោយសហព័ន្ធបាល់ទាត់អាស៊ីបានឱ្យដឹងថា ការប្រកួតដណ្តើមពានរង្វាន់ AFC Champions League (ACL) ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមឡើងវិញនៅខែកញ្ញាបន្ទាប់ពីផ្អាកដោយសារការផ្ទុះឡើងនៃជំងឺកូវីដ-១៩។ នេះបើយោងតាមសារព័ត៌មានស៊ីនហួរនៅព្រឹកថ្ងៃសុក្រនេះ។
កាលវិភាគនៃវគ្គចែកពូលរបស់កម្មវិធី ACL នៅអាស៊ីខាងលិចនឹងត្រូវធ្វើឡើងនៅខែកញ្ញា បន្ទាប់មកមានវគ្គចែកពូលជាមួយនឹងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដែលនឹងត្រូវបញ្ចប់នៅដើមខែតុលាខាងមុខ។ ការប្រកួតដែលនៅសល់នៃវគ្គជម្រុះតាមពូលក្នុងតំបន់អាស៊ីបូព៌ានឹងត្រូវចាប់ផ្តើមពីពាក់កណ្តាលខែតុលាជាមួយនឹងវគ្គជម្រុះ និងត្រូវប្រកួតនៅខែវិច្ឆិកា។
រាល់ការប្រកួតតាមពូលដែលបានគ្រោងទុកនឹងត្រូវបានធ្វើឡើងទាំងអស់ ខណៈដែលការប្រកួតវគ្គជម្រុះនឹងមានការប្រកួតតែមួយដងជាជាងការប្រកួតទាំងក្នុង និងក្រៅទឹកដី។ វគ្គចែកពូលនិងវគ្គជម្រុះនឹងត្រូវលេងជាលក្ខណៈទឹកដីកណ្តាលដែលមានកីឡដ្ឋានច្បាស់លាស់។ ការប្រកួតវគ្គផ្តាច់ព្រ័ត្រ ACL ឆ្នាំនេះនឹងត្រូវប្រកួតនៅថ្ងៃទី៥ ខែធ្នូដោយកំណត់ធ្វើនៅកីឡដ្ឋានប្រទេសមួយនៅតំបន់អាស៊ីខាងលិច។
ប្រតិទិនដែលត្រូវបានចេញផ្សាយតាំងពីថ្ងៃព្រហស្បតិ៍នោះ ក៏រួមបញ្ចូលទាំងក្រុមជម្រើសជាតិ និងការប្រកួតកម្មវិធីហ្វ៊ូតសាលផងដែរ ខណៈដែល AFC បានសន្យាថានឹងបញ្ចប់ការប្រកួតរដូវកាលនេះឲ្យអស់នៅឆ្នាំនេះ មិនឲ្យឆ្លងចូលដល់ឆ្នាំថ្មីឡើយ។
អគ្គលេខាធិការរបស់ AFC លោក Windsor John បានមានប្រសាសន៍ថាការចូលរួមយ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធភាពរវាងស្ថាប័ន និងសមាគមជាសមាជិកបាល់ទាត់ទ្វីបអាស៊ីបានធ្វើឱ្យមានការប្រកួតឡើងវិញដោយមានការឯកភាពគ្នាទាំងស្រុង។ លោកអះអាងថា លោកពិតជារីករាយដែលយើងកំពុងមើលឃើញនូវភាពជឿនលឿននៃការវិលត្រលប់មកវិញនៃលីកក្នុងស្រុកជាច្រើននៅលើពិភពលោក ហើយយើងរំពឹងទុកថា យើងអាចបញ្ចប់ការប្រកួតក្របខ័ណ្ឌកំពូលអាស៊ី AFC Champions League និង AFC Cup នៅប៉ុន្មានខែខាងមុខនេះដូចប្រទេសដៃដែរ។
សូមបញ្ជាក់ថា ការប្រកួតជម្រុះក្រុមជម្រើសជាតិតំបន់អាស៊ីសម្រាប់ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០២២ នៅប្រទេសកាតារ និងព្រឹត្តិការណ៍ AFC Asian Cup ឆ្នាំ២០២៣ នៅប្រទេសចិនដែលត្រូវបានពន្យារពេលចាប់ពីខែមីនា ត្រូវបានរៀបចំឲ្យប្រកួតឡើងវិញនៅខែតុលា និងខែវិច្ឆិកាឆ្នាំ២០២០ ៕
ដោយ៖ភារៈ