ការប្រកួតក្របខ័ណ្ឌ Champions League និងពានរង្វាន់ Europa League នឹងវិលត្រឡប់នៅខែសីហាដោយមានការប្រកួតបិទទ្វារដើម្បីដណ្តើមពានរង្វាន់រដូវកាលនេះ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃសុក្រនេះ។
នៅថ្ងៃសុក្រនេះការចាប់រង្វាន់នឹងធ្វើឡើងសម្រាប់វគ្គ ១/៤ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនិងវគ្គផ្តាច់ព្រ័ត្រ ដោយការប្រកួតទាំងអស់នឹងត្រូវធ្វើឡើងនៅទីក្រុងលីសបោន ប្រទេសព័រទុយហ្គាល់។
ចំណែកការពានរង្វាន់ Europa League ក៏នឹងធ្វើឡើងនៅថ្ងៃសុក្រនេះផងដែរដោយក្រុម Manchester United, Wolves និង Rangers ក្រុមអង់គ្លេសនៅតែបន្តស្វែងរកកៅអីក្នុងវគ្គ៨ក្រុមចុងក្រោយ។
កាលពីថ្ងៃព្រហស្បតិ៍UEFAបានប្រកាសថា ការប្រកួតជើងទី២ក្នុងវគ្គ១៦ ក្រុមចុងក្រោយដែលនៅសល់ក្នុងការប្រកួតទាំងពីរជើងនឹងត្រូវប្រកួតក្នុងផ្ទះរបស់ក្រុមនីមួយៗដោយប្រកួតទ្វារបិទ។ ក្នុងនោះក្រុមAtalanta, Atletico Madrid, Paris St-Germain និង RB Leipzig បានឈានដល់វគ្គ ១/៤ ផ្តាច់ព្រ័ត្ររួចហើយ។
មានការប្រកួតចំនួន១៦ក្រុមចុងក្រោយសម្រាប់ជើងទី២នៅតែត្រូវលេងដដែលដោយក្រុមមួយចំនួនបានប្រកួតជើងទី១រួចហើយដូចជាក្រុម Manchester City ជួប Real Madrid (លទ្ធផលជើងទីមួយ២-១)ក្រុមBayern Munich ជួប Chelsea (លទ្ធផលជើងទីមួយ៣-០)ក្រុមBarcelona និង Napoli (លទ្ធផលជើងទីមួយ១-១) និងក្រុមJuventus v Lyon (លទ្ធផលជើងទីមួយ០-១) ។
សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុបបានបញ្ជាក់ថា កាលបរិច្ចេទសម្រាប់ការប្រកួតChampions League ជើងទី២វគ្គ១៦ក្រុមចុងក្រោយគឺធ្វើឡើងនៅថ្ងៃទី៧-៨ ខែសីហា, វគ្គ៨ក្រុមចុងក្រោយប្រកួតនៅថ្ងៃទី១២-១៥ ខែសីហា, វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រប្រកួតនៅថ្ងៃទី១៨-១៩ ខែសីហា និងផ្តាច់ព្រ័ត្រនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ ។
ដោយឡែកការប្រកួតសម្រាប់ក្របខ័ណ្ឌ Europa League គឺវគ្គ១៦ក្រុមជើងទី២ ប្រកួតនៅថ្ងៃទី៥-៦ ខែសីហា, វគ្គ៨ក្រុមចុងក្រោយប្រកួតនៅថ្ងៃទី១០-១១ ខែសីហា, វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រប្រកួតនៅថ្ងៃទី១៦-១៧ ខែសីហា និងវគ្គផ្តាច់ព្រ័ត្រប្រកួតនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០។
សូមរំលឹកថា អតីតម្ចាស់ជើងឯកចាស់នៃពានរង្វាន់ Champions League ឆ្នាំ២០១៩គឺបានទៅលើក្រុមហង្សក្រហម Liverpool មកពីលីកកំពូលអង់គ្លេស។ រីឯអតីតម្ចាស់ជើងឯកក្របខ័ណ្ឌ Europa League បានទៅលើក្រុមតោខៀវ Chelsea មកពីអង់គ្លេសដែរ ៕ដោយ៖ភារៈ