ព័ត៌មានទាន់ហេតុការណ៍៖

នារីម្នាក់បេីករថយន្តឆ្លងផ្លូវបុកម៉ូតូខ្ទាតជាង១០ម៉ែត្របណ្តាលឲ្យបុរស២នាក់បាក់ជេីងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖​នារីម្នាក់បេីករថយន្តឆ្លងផ្លូវបុកម៉ូតូខ្ទាតជាង១០ម៉ែត្របណ្តាលឲ្យបុរស២នាក់រងរបួសធ្ងន់។

ហេតុការណ៍នេះបានកេីតឡេីងកាលពីម៉ោង១០និង១៥នាទី​ព្រឹក​ ថ្ងៃទី១០ ខែកក្កដាឆ្នាំ​២០២០ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ខាងមុខបុរីប៉េងហួត ក្នុងក្រុម១ភូមិព្រែកលៀប​ សង្កាត់​ព្រែក​លៀប ​ខណ្ឌ​ជ្រោយ​ចង្វា ​រាជធានីភ្នំពេញ​។ 

សមត្ថកិច្ចបានឲ្យដឹងថារថយន្តម៉ាកហុងដា​CRV ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2C  6478បេីកដោយនារីម្នាក់ឈ្មោះវីរ៉ា​ ធីតាណែត អាយុ២១ឆ្នាំ​។

ចំណែកម៉ូតូ​ម៉ាក​ហុងដាឌ្រីមពណ៌ខ្មៅពាក់ស្លាកលេខកំពង់ធំ1N 1579 បើកបរដោយឈ្មោះសៀង​ វ៉ាន់នី អាយុ២១ឆ្នាំ ​រួមដំណេីរដោយឈ្មោះហ័ន​ ចំរេីន អាយុ២០ឆ្នាំ ។ 

ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុឲ្យដឹងថានៅពេលកើតហេតុម៉ូតូជិះឌុបគ្នាតាមបណ្តោយផ្លូវជាតិលេខ៦ ពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តមួយគ្រឿងបើកដោយនារីម្នាក់ ក្នុងទិសដៅពីត្បូងទៅជើងបត់ចូលបុរីប៉េងហួតតែមិនទាន់បត់ផុតផ្លូវផងក៏ទៅបុកម៉ូតូដួលបណ្តាលឲ្យបុរស២នាក់រងរបួសធ្ងន់បាក់ជើង។

បន្ទាប់ពីកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ចំណែកម៉ូតូនឹងរថយន្តត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយគ្នានៅពេលក្រោយ៕

ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖