បរទេស៖ អគ្គនាយកអង្គការសុខភាពពិភពលោកTedros Adhanom Ghebreyesus កាលពីថ្ងៃទី៩ ខែកក្កដាបានយំ ហើយអំពាវនាវដល់សហគមន៍អន្តរជាតិរួមសាមគ្គីគ្នាដើម្បីប្រឆាំងកូវីដ-១៩។ លោកបន្តទៀតថា សត្រូវរបស់យើងមិនមែនវីរុសនោះឡើយគឺជា«ការខ្វះសាមគ្គីភាពពិភពលោក»។
លោកអគ្គនាយកWHOបានធ្វើសន្និសីទកាសែតទាំងទឹកភ្នែកនៅទីក្រុងហ្សឺណែវថា «តើវាពិតជាពិបាកខ្លាំងណាស់មែនទេដែលមនុស្សយើងត្រូវសាមគ្គីគ្នាប្រឆាំងសត្រូវរួម? សត្រូវដែលបានសម្លាប់មនុស្សគ្រប់គ្នានៅលើពិភពលោក។ ការបែកបាក់ គឺជាឱកាសសម្រាប់សត្រូវវាយលុក។
អគ្គនាយកWHOបានបញ្ជាក់ទៀតថា នៅទូទាំងប្រទេសស្ទើរតែទាំងអស់លើពិភពលោក ការឆ្លងរាលដាលកូវីដ-១៩ កាន់តែអាក្រក់ទៅៗ ។ លោកបន្តទៀតថា វិធីសាស្ត្រល្អបំផុតនោះគឺរក្សាកិច្ចសហប្រតិបត្តិការដើម្បីរួមគ្នាឆ្ពោះទៅមុខ។
ការលើកឡើងរបស់លោកអគ្គនាយកWHO ក្រោយពេលអាមេរិកប្រកាសដំណើរការដកខ្លួនចេញពីអង្គការនេះ ហើយការដកចេញនិងមានប្រសិទ្ធភាពនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១។
តាមគេហទំព័រ Worldometer គិតដល់វេលាម៉ោង២រសៀលថ្ងៃទី ១០ខែកក្កដា នៅទូទាំងពិភពលោកមានករណីឆ្លងកូវីដ-១៩ កើនឡើងដល់ទៅ ១២,៣៩៦,៧៩៦នាក់ ស្លាប់៥៥៧,៥៤៣នាក់ និងជាសះស្បើយ ៧,២២៦,៩៩៨នាក់ផងដែរ៕ដោយ៖ធី រីណា