ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជាការដ្ឋានកងទ័ពជើងគោកផ្សព្វផ្សាយឯកសារបទវិន័យ លក្ខន្តិកៈទូទៅ និងលំហាត់របៀប

ចែករំលែក៖

ភ្នំពេញ ៖ អនុវត្តន៍តាមសេចក្តីណែនាំរបស់ក្រសួងការពារជាតិ បញ្ជាការដ្ឋានកងទ័ពជើងគោក បានរៀបចំពិធីផ្សព្វផ្សាយឯកសារស្តីពីបទវិន័យ ច្បាប់ស្តីពីលក្ខន្តិកៈទូទៅ​ និងលំហាត់របៀបដល់យោធិន នៃកងយោធពលខេមរភូមិន្ទ ជូននាយទាហាន នាយទាហានរង នាយស្ថាប័នគ្រប់កងឯកភាពចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោក​ កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០។ 

ក្នុងឪកាសនោះ លោក ឧត្តមសេនីយ៍ឯក អួន សារឿន មេបញ្ជាការរងកងទ័ពជើងគោក ទទួលបន្ទុកហ្វឹកហ្វឺន និងហ្វឹកហាត់ បានណែនាំពីអត្ថន័យ និងខ្លឹមសារជារួមសម្រាប់ការផ្សព្វផ្សាយ និងធ្វើបទឧទ្ទេសនាមបណ្តាខ្លឹមសារសំខាន់ៗនៃឯកសារដោយក្នុងនោះរួមមាន ៖ ឯកសារស្តីពីវិធានការពង្រឹងអនុវត្តន៍លក្ខន្តិកៈ​ បទវិន័យទូទៅ​ លំហាត់របៀបនៃកងយោធពលខេមរភូមិន្ទ។​ 

លោក អួន សារឿន ក៏បានសង្កត់ធ្ងន់ថា កងទ័ពមានភារកិច្ចបម្រើប្រទេស បម្រើជាតិមាតុភូមិ និងប្រជាពលរដ្ឋ  ចូលរួមការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងជួយប្រជាពលរដ្ឋដែលជួបការលំបាក ឬមានគ្រោះមហន្តរាយ ឧបទ្ទវហេតុផ្សេងៗ ដូចនេះនាយទាហាន នាយទាហានរង និងពលទាហានគ្រប់លំដាប់ថ្នាក់ ត្រូវខិតខំអនុវត្តន៍ច្បាប់នេះឲ្យមានប្រសិទ្ធភាពខ្ពស់ ត្រូវគោរពវិន័យឲ្យបានម៉ឺងម៉ាត់ មានភក្តីភាព សាមគ្គីភាព ហ៊ានពលីកម្មគ្រប់បែបយ៉ាង គ្រប់កាលៈទេសៈដើម្បីបុព្វហេតុជាតិមាតុភូមិ៕

ដោយ៖ហេង សូរិយា


ចែករំលែក៖